2025-12-09 17:27
28

បាងកក៖ កងទ័ពអាកាសថៃ បានប្រកាសកាលពីរសៀលថ្ងៃទីអង្គារថា ខ្លួនបានបញ្ជូនយន្តហោះចម្បាំង JAS-39 Gripen ដែលផលិតនៅប្រទេសស៊ុយអែត ដើម្បីវាយប្រហារ និងទម្លាក់គ្រាប់បែកលើគោលដៅយោធារបស់កម្ពុជា តាមបន្ទាត់ព្រំដែនកើតមានជម្លោះ។ នេះបើយោងតាមប្រព័ន្ធផ្សពផ្សាយរបស់ទីក្រុងបាងកក រាយការណ៍នៅរសៀលថ្ងៃអង្គារនេះ។
តាមការបញ្ជាក់របស់ភាគីថៃ ការប្រើប្រាស់យន្តហោះចម្បាំងនេះ កើតឡើងក្នុងបរិបទដែលថៃ បានអះអាងថា ជាការឆ្លើយតបទៅនឹង “ការគំរាមកំហែង” ពីកងកម្លាំងកម្ពុជា។ ទោះជាយ៉ាងណា ភាគីកម្ពុជាវិញ គិតថា នេះជាការវាយប្រហារឈ្លានពានយ៉ាងច្បាស់ដែលរំលោភលើ “បទឈប់បាញ់” និង “កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ” ដែលទើបចុះហត្ថលេខាពីរខែមុនប៉ុណ្ណោះ។
ការប្រើប្រាស់យន្តហោះ Gripen ដែលជាយន្តហោះចម្បាំងសម័យទំនើប មានល្បឿនលឿន និងប្រព័ន្ធអាវុធច្រើនប្រភេទ បង្ហាញពីការកើនឡើងនៃកម្រិតតានតឹងយោធា ក្នុងតំបន់យោធភូមិភាគទី៤ និងទី៥ របស់កម្ពុជា។ ភាគី
កម្ពុជា មិនទាន់មានការឆ្លើយតប ឬចេញប្រកាសផ្លូវការ ជាពិសេសចំពោះសេចក្ដីប្រកាសរបស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ Gripen វាយប្រហារមកលើកម្ពុជាឡើយ។ ទោះបីជាមុននេះ ក្រសួងការពារជាតិ និងក្រសួងការបរទេស បានលើកឡើងជាដដែលៗថា “កម្ពុជា បន្តគោរពបទឈប់បាញ់ និងអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពប្រយុទ្ធឈ្លានពានលើអធិបតេយ្យបស់កម្ពុជា”។
ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកំពុងត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ដោយអង្គការអន្តរជាតិ អាស៊ាន និងសហប្រជាជាតិ ខណៈដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ទាំងពីរភាគី ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់៕