ចិន៖ ចិនបានដាក់ពង្រាយកងទ័ពជើងទឹក និងកងឆ្មាំសមុទ្រយ៉ាងច្រើន នៅទូទាំងដែនទឹកអាស៊ីបូព៌ា រួមទាំងនាវាជាង 100 គ្រឿង ការដាក់ពង្រាយយ៉ាងសម្បើមនេះ ត្រូវបានមើលឃើញថា ជាការបង្ហាញនូវកម្លាំងនាវាចរណ៍ដ៏ធំបំផុតរបស់ចិន មិនធ្លាប់មានពីមុនមកនោះទេ។ វាជាចំនួនច្រើនលើសលប់បំផុតលើសពីការដាក់ពង្រាយ កាលខែធ្នូឆ្នាំមុន និងជាសញ្ញាបញ្ចូនសារមួយ ជំរុញឱ្យតៃវ៉ាន់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកម្រិតប្រកាសអាសន្នរបស់ខ្លួន នេះបើតាម Reuters នៅថ្ងៃទី០៥ ធ្នូនេះ ។
យោងតាមមន្ត្រីសន្តិសុខចំនួន៤នាក់នៅក្នុងតំបន់បានឲ្យដឹងថា ការដាក់ពង្រាយនេះ បានគ្របដណ្តប់ ក្នុងដែនទឹកដែលលាតសន្ធឹងពីភាគខាងត្បូងនៃសមុទ្រលឿង ឆ្លងកាត់សមុទ្រចិនខាងកើត និងចុះទៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ ក៏ដូចជាចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីចិនមិនទាន់ប្រកាសជាផ្លូវការអំពីការធ្វើសមយុទ្ធទ្រង់ទ្រាយធំណាមួយក៏ដោយ ប៉ុន្តែការកើនឡើងនៃសកម្មភាពយោធានៅពេលបច្ចុប្បន្ននេះ គឺវាស្របតាមរដូវកាលដែលជាទំនៀមប្រពៃណីរបស់ចិន សម្រាប់ការធ្វើប្រតិបត្តិការសមយុទ្ធយោធាប្រចាំឆ្នាំផងដែរ ។
លោក Tsai Ming-yen អគ្គនាយកនៃការិយាល័យសន្តិសុខជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថាឥឡូវនេះចិនកំពុងស្ថិតក្នុងរដូវកាលសកម្មបំផុតសម្រាប់សមយុទ្ធយោធារបស់ខ្លួន លោកស្រីបន្ថែមថា គិតត្រឹមព្រឹកថ្ងៃពុធ ចិនមានកងនាវាចំនួន៤កំពុងប្រតិបត្តិការនៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយតៃវ៉ាន់កំពុងតាមដាន ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។ដូច្នេះតៃវ៉ាន់ត្រូវប្រុងប្រយ័្នតអំពើគ្រោះថ្នាក់ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន និងបន្តតាមដានយ៉ាងម៉ត់ចត់បំផុតលើនាវារបស់ចិន។
ការសែតដ៏ដែលបន្តថា មន្ត្រីម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ការដាក់ពង្រាយនាវាយ៉ាងសន្ធឹកសន្ធប់នេះ បន្ទាប់ពីជម្លោះពាក្យសំដី រវាងជប៉ុន និងទីក្រុងប៉េកាំង បង្កឲ្យមានភាពតានតឹងផ្នែកការទូត ក្រោយនាយករដ្ឋមន្ត្រី Sanae Takaichi និយាយព្រមានចិនកាលពីខែមុនថា បើចិនវាយប្រហារលើតៃវ៉ាន់ ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ អាចនិងបង្កឱ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូជាក់ជាមិនខាន។
មូលហេតុដែលចិនព្រមានប្រើកម្លាំងយោធាដើម្បីគ្រប់គ្រងកោះតៃវ៉ាន់នោះ បន្ទាប់ពី ប្រធានាធិបតីតៃវ៉ាន់លោក Lai Ching-te បានប្រកាសថានិងបន្ថែមការចំណាយ៤០ ពាន់លានដុល្លារ លើវិស័យការពារជាតិ ដើម្បីទប់ទល់នឹងប្រទេសចិន ព្រោះទីក្រុងប៉េកាំងបានចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួននោះ ទើបបណ្ដាលឲ្យចិន ចាប់ផ្ដើមច្រលោតខឹងសម្បារជាមួយតៃវ៉ាន់តែម្ដង ហើយរីករាលដាលដល់ជប៉ុន៕




