2025-11-28 14:28
3

កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ នៅឧទ្យានជាតិគីរីរម្យ ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីជូនដំណឹងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន។ ការរៀបចំ «បុណ្យភ្នំ» មានបំណងបង្កើនទឹកចិត្ត និងទាក់ទាញភ្ញៀវទេសចរជាតិ និងបរទេសឱ្យទៅទស្សនាកំសាន្តតាមតំបន់ធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រនានា ក្នុងខេត្តកំពង់ស្ពឺ និងខេត្តជិតខាង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍នេះ គឺផ្ដោតលើការផ្សព្វផ្សាយរមណីយដ្ឋានធម្មជាតិ ការអភិរក្សបរិស្ថាន និងការលើកតំកូលវប្បធម៌ជាតិ»។ ព្រឹត្តិការណ៍ «បុណ្យភ្នំ» នឹងធ្វើឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មានឱកាសរីករាយជាមួយភាពស្រស់ស្អាតនៃភ្នំទេសភាព និងសកម្មភាពកម្សាន្តផ្សេងៗតាមគ្រោងការដែលត្រូវបង្ហាញជូន។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមយ៉ាងច្រើន ដើម្បីគាំទ្រការអភិវឌ្ឍទេសចរណ៍ និងការពារសម្បត្តិធម្មជាតិរបស់ជាតិ៕