2025-11-28 14:12
2

ក្នុងព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះអង្គទ្រង់បានអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលបានសហការគ្នាយ៉ាងល្អ ក្នុងការពង្រឹងនីតិរដ្ឋ តាមរយៈការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដោយបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអាទិភាពទាំង៥ គឺ៖ “មនុស្ស ផ្លូវ ភ្លើង ទឹក និង បច្ចេកវិទ្យា” ក្នុងស្មារតីរួមសាមគ្គីគ្នាជាធ្លុងមួយ សំដៅកសាងកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព និងបរិយាបន្ន ឈានទៅសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្នុងព្រះរាជសារ ព្រះមហាក្សត្រទ្រង់បានបញ្ជាក់ថា «រដ្ឋសភានីតិកាលទី៧ ទោះបីស្ថិតក្នុងវិស្សមកាលក៏ដោយ ក៏នៅរក្សាបាននូវប្រពៃណីរួបរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា»។

ជាមួយគ្នានោះដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់ បានកោតសរសើរដោយពេញព្រះទ័យចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ និងឯកឧត្តម វង សូត អនុប្រធានទី២ ដែលបានដឹកនាំស្ថាប័នរដ្ឋសភាប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ ម៉ឺងម៉ាត់ ព្រមទាំងសមាជិក សមាជិការដ្ឋសភាទាំងអស់ ក្នុងការបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន។

អង្គព្រះមហាក្សត្របានកត់សម្គាល់ថា «ក្នុងអំឡុងពេលចន្លោះសម័យប្រជុំកន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ ដឹកនាំដោយ សម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា បានដឹកនាំ និងបំពេញមុខងារ តួនាទីស្នូលរបស់រដ្ឋសភាយ៉ាងសកម្ម ដែលក្នុងនោះរួមមាន តួនាទីនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង ព្រមទាំង បានពង្រឹង និងលើកកម្ពស់ការងារការទូតសភាប្រកបដោយភាពបុរេសកម្ម ស្វាហាប់ និងមោះមុត ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ហើយសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍជាតិមាតុភូមិ ឈានឆ្ពោះទៅរកវឌ្ឍនភាពរីកចម្រើន ថ្កុំថ្កើងរុងរឿងជានិច្ចនិរន្តរ៍»។

ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា បានចុះបំពេញការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំនៅតាមមណ្ឌលរាជធានីខេត្ត នៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង អំពីវឌ្ឍនភាព បញ្ហាប្រឈម តម្រូវការ និងក្តីកង្វល់នានា របស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងបានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុង បំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈម តាមព្រំដែនមកស្នាក់នៅទីសុវត្ថិភាព ។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសាទរយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ ប្រកបដោយភាពវាងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិដើម្បី ធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ ហើយជានិច្ចកាលតែងនៅរួមសុខ រួមទុក្ខជាមួយប្រជា ពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសបេសកកម្មក្នុងការការពារអធិបតេយ្យ ឯករាជ្យ បូរណភាព ទឹកដី សិទ្ធិ សេរីភាព និងភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូបតាមរយៈ យន្តការការទូត និងច្បាប់អន្តរជាតិ។ 

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្ញើសេចក្តីនឹករលឹកប្រកបដោយព្រះទ័យទុកដាក់និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ជាមួយគ្នានេះ ព្រះករុណា បានកោតសរសើរចំពោះស្មារតីសាមគ្គីភាព ដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាព ទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេស មួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ក្រោមអធិបតីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈ ចំនួន ០៥មាន៖ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧។ ទី២- របាយការណ៍សង្ខេប ស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។ ទី៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។ ទី៤- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ និង ទី៥- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល៕