ប៉ារីស៖ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាល អង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងជំនួបនោះ ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លងមក។
នាឱកាសក្នុងកិច្ចជំនួបនេះ បណ្ឌិតសភាចារ្យ ភឿង សកុណា បានសម្តែងនូវការអបអរចំពោះ លោក Khaled Ahmed El-Enany Ali Ezz ដែលត្រូវបានអង្គមហាសន្និបាតលើកទី៤៣ នៃអង្គការយូណេស្កូបោះឆ្នោតតែងតាំងជាអគ្គនាយក នៃស្ថាប័នដ៏មានសារ:សំខាន់នេះ។
បណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជា ក្នុងនាមជារដ្ឋសមាជិកក្នុងការសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការយូណេស្កូ។ ជាពិសេស កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ បានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យទាំងក្នុងទម្រង់អនុវត្ត នៃយន្តការ អាយ ស៊ី ស៊ី អង្គរ សំបូរព្រៃគុក និងព្រះវិហារ ក៏ដូចជាទម្រង់កិច្ចសហការ នៃកិច្ចការពារលើកតម្លៃ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបី និងអរូបី។
ទន្ទឹមនេះបណ្ឌិតសភាចារ្យ ភឿង សកុណា ក៏បានលើកអំពីកង្វល់របស់កម្ពុជា ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង និងបានអំពាវនាវឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តនានា នៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះ។
បន្ថែមពីលើនេះទៀត បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លង។
លោក Khaled Ahmed El-Enany Ali Ezz បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់ បណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងបានកោតសរសើរកម្ពុជា ក្នុងនាមជារដ្ឋសមាជិកដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយអង្គការយូណេស្កូនាពេលកន្លងមក។
លោកក៏បានបញ្ជាក់អំពីគោលបំណងក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា ក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួនដែលជាការព្រួយបារម្ភរបស់កម្ពុជា៕




