ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «រាល់ការផ្តល់របាយការណ៍មិនគ្រប់ជ្រុងជ្រោយ ថ្នមស្ថានការណ៍ វៀសចាកពីភាពជាក់ស្តែង ស្មើនឹងការមិនទទួលខុសត្រូវពិតប្រាកដក្នុងភារកិច្ចការងារ»។
កិច្ចចាប់ផ្តើម លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងអំពីការចូលរួមជំនួសក្នុងកិច្ចប្រជុំ ដែលធ្វើឱ្យដំណើរការប្រជុំប្រព្រឹត្តទៅជាធម្មតា និងទទួលបាននូវអនុសាសន៍ល្អៗ សម្រាប់ជម្រាបជូនថ្នាក់ដឹកនាំ និងអនុវត្តបន្ត។ បន្ថែមក្នុងនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានរំលឹកដល់នាយកដ្ឋាន និងអង្គភាពទាំងអស់ ក្នុងការត្រៀមលក្ខណៈរៀបចំការងារសន្និបាតក្រសួងសុខាភិបាល លើកទី ៤៥ ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានកោតសរសើរ និងណែនាំឱ្យខិតខំបន្ថែមទៀត ក្នុងការរៀបចំបំពេញការងាររបស់ខ្លួន គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ និងសូមបន្តពង្រឹងបន្ថែមជាប្រចាំ។
ក្នុងនេះដែរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ទីរពេទ្យជាតិ និងមន្រ្តីសុខាភិបាលរាជធានី ខេត្ត ទាំងអស់ និងការងារព្រំដែន ដែលបានជួយសហការ ក្នុងការជួយគាំទ្រគ្នា ជាពិសេសខេត្តជាប់ព្រំដែន និងអ្នកដែលបានជួយ ព្រមទាំងខេត្តដែលបានចូលរួមជួយ និងអង្គភាពសម្ព័ន្ធមេត្រីភាព ដែលចូលរួមគាំទ្រ និងត្រៀមក្នុងការជួយសង្រ្គោះគ្រប់ពេលវេលាក្នុងករណីមានការកើតឡើងជាយថាហេតុ។
លើសពីនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំជូន ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ សូមយកចិត្តទុកដាក់ និងបង្ការទៅលើការងារជំងឺគ្រុនឈាម ជំងឺមហារីកមាត់ស្បូន និងជំងឺផ្សេងៗ កាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តាំផ្ញើសូមយកចិត្តទុកដាក់ និងត្រៀមលក្ខណៈការងារ ផែនការ ដែលនៅសេសសល់ ត្រូវពន្លឿន និងអនុវត្តឱ្យបានចប់សព្វគ្រប់ នាដំណាច់ឆ្នាំខាងមុខនេះ ដើម្បីជាការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងសុខាភិបាល អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធានានយដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងលោក លោកស្រីប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom៕




