កណ្តាល៖ កម្លាំងនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនយុវជនចំនួន ០៧ នាក់ ពាក់ព័ន្ធក្នុងករណីកាប់សម្លាប់យុវជនម្នាក់ “ដាច់ក្បាលចេញពីខ្លួន” ដោយច្រលំគ្នាឯងគិតថាជាគូបដិបក្ខនៃសមាជិកក្រុមបងធំ រហ័សនាម “KPP - កំពង់ភ្នំ”។
អំពើឃាតកម្មដ៏សាហាវនេះ បានកើតឡើងនៅថ្ងៃទី២៦ វិច្ឆិកា ២០២៥ វេលាម៉ោង ១០និង១០ នាទីយប់ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
តាមរបាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែក ក្រុមជនសង្ស័យចំនួន ០៧នាក់ ពួកគេមានអាយុចន្លោះ ១៦ទៅ១៩ឆ្នាំ ក្នុងចំណោមពួកគេមានអ្នកខ្លះពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនផងដែរ។
តាមរបាយការណ៍បញ្ជាក់ថា “ជនរងគ្រោះ និងជនដៃជាបក្ខពួកតែមួយ មានទីលំជាមួយគ្នា នៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ប៉ុន្តែពួកគេចាប់ច្រឡំគ្នាឯង ស្មានជាគូសត្រូវ”។
ចំពោះវត្ថុតាងចាប់យករួមមាន៖ កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង១,៤៦ម៉ែត្រ, កាំបិតផ្គាក់ ០១ ផ្លែដែកដងឫស្សី ប្រវែង០,៥៥ម៉ែត្រ, ដាវកែច្នៃ ០១ ផ្លែដែកដងដែក ប្រវែង០,៥៨ម៉ែត្រ និងម៉ូតូ ចំនួន ០៤ គ្រឿង។
សភាពរឿងហេតុ៖ នៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះ និងជនសង្ស័យព្រមទាំងបក្ខពួកបានលេងបាល់ទះនៅជិតផ្ទះ ឈ្មោះ ហៀន សៀងហៃ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានលំនៅភូមិរាំងដេក ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ស្រាប់តែឈ្មោះ ហៀន សៀងហៃ បាននិយាយថា៖ “ពួកក្រុម KPP - កំពង់ភ្នំ បានណាត់ពួកគេកាប់គ្នា” នៅម៉ោង ២២និង០០នាទី នៅចំណុច វត្តគន្ធទ្រី ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក។ ពេលនោះពួកគេបានហៅគ្នីគ្នា ប្រមូលផ្ដុំនៅវត្តចាស់ ស្ថិតនៅភូមិពោមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ដែលមានគ្នាទាំងអស់ចំនួន ០៨ នាក់។
ក្រោយពីជុំគ្នា ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី ភេទប្រុស បានបបួលគ្នីគ្នាទៅផឹកស្រាបៀរនៅកម្មវិធីភ្ជាប់ពាក្យបងថ្លៃរបស់គាត់នៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ផឹកបានស្រាបៀរអស់ចំនួន ២៤ កំប៉ុង រហូតដល់ម៉ោង ២១និង០០នាទី ថ្ងៃខែដដែល ពួកគេក៏បាននាំគ្នាចេញពីកម្មវិធីភ្ជាប់ពាក្យ ដើម្បីទៅកាន់ទីតាំងណាត់កាប់គ្នា នៅវត្តគន្ធទ្រី ដោយមានកាំបិតផ្គាក់ចំនួន ០២ ដើម (ខ្លី ០១ដើម និងវែង ០១ដើម) និងដាវកែច្នៃ ០១ ដើមទៀត ប្រើប្រាស់ម៉ូតូចំនួន ០៤ គ្រឿង ក្នុង ០១ គ្រឿង មានគ្នាចំនួន ០២ នាក់ ពេលជិះដល់វត្តគន្ធទ្រី ក៏បានឃើញ “ក្រុម KPP - កំពង់ភ្នំ” មានគ្នាចំនួន ០៨ នាក់ ភ្លាមនោះពួកគេក៏នាំគ្នាចុះពីលើម៉ូតូដេញកាប់ពួក KPP - កំពង់ភ្នំ តែកាប់មិនត្រូវដោយពួក KPP - កំពង់ភ្នំ រត់គេចទាន់ ហើយពួកគេបាននាំគ្នាត្រឡប់មកផ្លូវជាតិលេខ១ វិញ។
លុះជិះមកដល់ចំណុច ក្រុមហ៊ុន ជីផ្កាយប្រាំ ពួកគេក៏ឃើញមានម៉ូតូជិះបញ្រ្ចាសទិសគ្នាពីភ្នំពេញទៅអ្នកលឿង មានគ្នា ០៤ នាក់ ពេលនោះឈ្មោះ វ៉ា វ៉ាន់ធី (ជិះខាងក្រោយកាន់កាំបិតកែច្នៃ) និងឈ្មោះ ឃួន សុខខេន (អ្នកឌុប) បិតភ្លើងម៉ូតូជិះដេញទៅមុន ហើយជនសង្ស័យឈ្មោះ កុល ដារ៉ុង (កាន់ផ្គាក់វែង ជិះខាងក្រោយ) និងឈ្មោះ ហៀន សៀងហ៊ាន (អ្នកឌុប) ជិះទៅតាមក្រោយ ពេលទៅដល់កន្លែងកើតហេតុ ក៏បានឈរលើកម៉ូតូដៃទាំង ០២ កាន់កាំបិតផ្គាក់វែង កាប់ទៅលើកជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ដាច់ក្បាល) និងឈ្មោះ ឃួន សុខខេន (ចំក ខាងក្រោយ) ដោយគិតថាជាអ្នកជិះម៉ូតូបញ្រ្ចាសទិសគ្នានោះជាគូបដិបក្ខ ភ្លាមនោះជនសង្ស័យក៏ដឹងថា ខ្លួនបានកាប់ច្រលំ ចំមិត្តភក្តិរបស់ខ្លួន ក៏បានឈប់ម៉ូតូ ដើម្បីលើកសាកសពរបស់ជនរងគ្រោះឈ្មោះ វ៉ា វ៉ាន់ធី (ខ្លួនប្រាណ) យកមកដាក់នៅចិញ្ចើមផ្លូវ ចំណែកក្បាលជនរងគ្រោះធ្លាក់ទៅចិញ្ចើមផ្លូវម្ខាងទៀត។
បច្ចុប្បន្ន កម្លាំងជំនាញពាក់ព័ន្ធកំពុងបន្តនីតិវិធី និងស្វែងរកឃាត់ខ្លួន «ក្រុម KPP - កំពង់ភ្នំ» យកមកចាត់ការតាមនីតិវិធី៕




