2025-11-18 10:53
7

ថៃ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនិយមលេងអ៊ីនធឺណិតថៃជាច្រើនបាននាំគ្នាសម្រុកចូលមើលទំព័រ Facebook របស់ស្ថានទូតជប៉ុនកាលពីល្ងាចថ្ងៃច័ន្ទ ដោយស្នើឱ្យប្រទេសនេះហាមឃាត់ YouTuber ថៃម្នាក់ ដែលបានបង្ហាញឥរិយាបថមិនសមរម្យនៅកន្លែងកំសាន្តមួយក្នុងប្រទេសជប៉ុន។

តាមការចុះផ្សាយពី Khaosod នៅថ្ងៃទី១៨ វិច្ឆិកា បានឲ្យដឹងថា ក្រោយ YouTuber ថៃម្នាក់ បានបង្ហាញឥរិយាបថឡើងរាំមិនសមរម្យ នៅលើដំបូលរថយន្ត ជិតហាងលក់ទំនិញ Lawson សាខា Kawaguchiko-Ekimae ទីក្រុង Fujikawaguchiko ខេត្ត Yamanashi ប្រទេសជប៉ុន។ 

ប្រជាជនថៃបានផ្ទុះកំហឹងជាខ្លាំង និងនាំគ្នាសម្រុកចូលទៅក្នុងទំព័រ Facebook ស្ថានទូតជប៉ុនប្រចាំប្រទេសថៃ ដើម្បីសូមទោសពីទង្វើដ៏គួរឲ្យអាម៉ាសរបស់ YouTuber ខាងលើ។ 

ប្រជាជនថៃមួយចំនួនធំលើកឡើងថា ទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់មុខមាត់ភ្ញៀវទេសចរថៃស្ទើរតែទាំងស្រុង ហើយពួកគេក៏បានអំពាវនាវឲ្យស្ថានទូតជប៉ុនប្រចាំប្រទេសថៃ ហាមឃាត់ YouTuber ខាងលើមិនឲ្យចូលប្រទេសជប៉ុនអស់មួយជីវិតថែមទៀតផង។

បន្ថែមពីនេះ ពួកគេក៏បានស្នើឱ្យអាជ្ញាធរថៃ និងជប៉ុន ចាត់វិធានការណ៍ផ្លូវច្បាប់ជាបន្ទាន់ចំពោះបុគ្គលនោះផងដែរ៕