ថៃ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Nikorndej Balankura អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងអ្នកនាំពាក្យក្រសួងការបរទេស បានធ្វើបទបង្ហាញប្រាប់អ្នកសារព័ត៌មានអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ រួមនិងការពិគ្រោះយោបល់ពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសថៃ ដោយមានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធ និងក្រសួងពាណិជ្ជកម្មថៃ។ នេះបើតាមការចុះផ្សាយពីកាសែតថៃ The Nation។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Nikorndej បានឲ្យដឹងថា លោក Anutin Charnvirakul កំពុងរៀបចំលិខិតផ្លូវការមួយទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ដើម្បីបញ្ជាក់ជំហររបស់ប្រទេសថៃ លើការផ្អាកជាបណ្តោះអាសន្ននៃសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បន្តថា ការផ្អាកនេះធ្វើឡើងបន្ទាប់ពីកម្ពុជាបានបំពានលើកិច្ចព្រមព្រៀង ជាពិសេសការដាក់គ្រាប់មីនថ្មីនៅតាមព្រំដែន។ ម្យ៉ាងវិញទៀត លិខិតនេះនឹងផ្តោតតែលើសន្តិសុខព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះ ហើយនឹងមិននិយាយអំពីការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទេ។
គួរបញ្ជាក់ឲ្យដឹងថា ពាក់ព័ន្ធការចោទប្រកាន់ទាំងងងើលពីភាគីថៃ លើកម្ពុជាជុំវិញការអះអាងម្ដងហើយម្ដងទៀតថា កម្ពុជាជាអ្នកដាក់មីនថ្មី ជាហេតុបង្ករឲ្យទាហានថៃរងរបួសបាត់បង់អវៈយវៈ កាលពីថ្ងៃទី១០ វិច្ឆិកា កន្លងទៅនោះ ត្រូវបានក្រសួងការពារជាតិកម្ពុជាចេញមកប្រកាសច្រានចោលការចោទប្រកាន់នេះទាំងស្រុង។
លើសពីនេះ យោងតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការពារជាតិកម្ពុជាដដែល បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលករណីនេះបង្កការរបួសជនស៊ីវិលចំនួន៥រូប។
ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា៕





