2025-11-11 13:55
7

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល ប្រធានបទ៖ «គុណតម្លៃកេសរកូលព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ច»។

វេទិកាកេសរកូលជាតិលើកទី៥ រៀបចំឡើងដោយមានការតាំងបង្ហាញពីប្រភេទ កេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួម អភិរក្សជីវៈ ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្តម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

វេទិកាកេសរកូលជាតិឆ្នាំនេះ នឹងតម្រូវឱ្យមានការប្រកួតគំនូរកេសរកូលផងដែរ។ បេក្ខជន បេក្ខនារី អាចចូលរួមប្រកួតគំនូរកេសរកូល តាមលក្ខខណ្ឌមួយចំនួន គឺតម្រូវឱ្យអាយុចាប់ពី ១៨ ដល់ ៣៥ឆ្នាំ ប្រភេទគំនូរសម្រាប់ចូលរួមប្រកួត៖ គំនូរពណ៌ទឹក ទំហំគំនូរក្រដាស A3 និងកាលបរិច្ឆេទផុតកំណត់ចូលរួម៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រសួងបរិស្ថាន អំពាវនាវដល់សាធារណជនដែលមានបំណងចូលរួមប្រកួតប្រជែងគំនូរកេសរកូល ត្រូវបញ្ជូនស្នាដៃរបស់ខ្លួនឱ្យបានទាន់ពេលវេលា និងសូមបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិ ភាគីពាក់ព័ន្ធ និងសាធារណជន អញ្ជើញចូលរួមក្នុងវេទិកាកេសរកូលឆ្នាំ២០២៥ ឱ្យបានច្រើនកុះករតាមការគួរ៕