ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានគូសបញ្ជាក់នៅល្ងាចថ្ងៃស្រុក ទី៣១ ខែតុលាថា ទីតាំងមួយកន្លែង នៅក្នុងតំបន់ចំការមីនអាទិភាពនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានកណត់សម្រាប់ដំណើរសាកល្បងការដោះមីនមនុស្សធម៌។
លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំដោយបានកំណត់តំបន់សាកល្បង ចំនួន ០១ ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែនសម្រាប់ដំណើរការដោះមីនមនុស្សធម៌ ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជាទល់មុខឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវរបស់ថៃ ដែលការងារដោះមីនមនុស្សធម៌នេះ ត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា រវាងក្រុមការងារ JCTF កម្ពុជា-ថៃ។
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ទៀតថា «ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ខាងមុខនេះ»។
ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕





