2025-11-01 10:07
50

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា» (Cambodia Carbon Registry - CCR) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និងតំណាងអង្គការ ស្ថាប័នជាតិ អន្តជាតិ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ប្រមាណជិត ៣០០នាក់។

ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា គឺជាការបង្កើតឃ្លាំងទិន្នន័យនៃឥណទានកាបូន (ឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយ) សម្រាប់បម្រើឱ្យសាធារណជនដោយឥតគិតថ្លៃ និងប្រកបដោយតម្លាភាព និងសុចរិតភាព ស្របតាមបញ្ចកោណយុទ្ធសាស្រ្តទី៥ អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ 

ប្រព័ន្ធនេះក៏នឹងបម្រើឱ្យការរាប់បញ្ចូលឥណទានកាបូន ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Nationally Determined Contribution – NDC) សំដៅសម្រេចគោលដៅ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។

ប្រព័ន្ធចុះបញ្ជីការកាបូនកម្ពុជា ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ (Platform) ដែលកិច្ចព្រមព្រៀងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋភាគីនីមួយៗរៀបចំឡើង ដើម្បីកត់ត្រា និងគ្រប់គ្រងទិន្នន័យឥណទានកាបូននៃគម្រោងនីមួយៗឱ្យបានត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាពក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគក្រៅប្រទេសឱ្យមកដាក់ទុនវិនិយោគគម្រោងបៃតងក្នុងប្រទេស សំដៅសម្រេចបាននូវគោលដៅនៃNDCរបស់ប្រទេសរបស់ខ្លួនផង និងដើម្បីចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកលផង៕