ប៉ារីស៖ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាសន្តិភាពប៉ារីស លើកទី៨ (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីស សាធារណរដ្ឋបារំាង។
វេទិកាសន្តិភាពប៉ារីស ត្រូវបានបង្កើតនៅឆ្នាំ២០១៨ បានខិតខំបង្កើនសមត្ថភាពការទូតតាមទម្រង់ថ្មី ស្របនឹងពិភពលោកដែលកំពុងវិវត្តន៍ និងជំរុញឲ្យមានអភិបាលកិច្ចសកល ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈកាន់តែប្រសើរ។ វេទិកានេះ មានវាគ្មិន ជាង ៣០០ នាក់ និងអ្នកចូលរួមរាប់ពាន់នាក់ ដែលជាថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានអប់រំ ដើម្បីជជែកពិភាក្សាស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីបន្ទាន់បំផុត ក្នុងសម័យបច្ចុប្បន្ននេះ។
ក្នុងពិធីបើកកិច្ចប្រជុំនេះ មានការលើកពីការពង្រឹងប្រព័ន្ធពហុនិយម លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន នៅក្នុងការនោះមានការលើកឡើងពីការលើកម្ពស់សមភាពយេនឌ័រ ក្នុងតួនាទីជាថ្នាក់ដឹកនាំ រួមទំាងអគ្គលេខាធិការអង្គការសហប្រជាជាតិផង។ ជាការកត់សម្គាល់កម្ពុជា ជាប្រទេសតូច ពឹងផ្អែកយ៉ាងខ្លាំងលើការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ជាតិ។
សូមជម្រាបថា នៅក្នុងវេទិកាអន្តរជាតិ ដែលមានរយៈពេលពីថ្ងៃទី២៩ និង៣០តុលានេះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក» និងកិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»។
ក្រៅពីនេះសម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយជាមួយថ្នាក់គណៈប្រតិភូបណ្តាលប្រទេស និងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកស្រី យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង និងជួបពិភាក្សាការងារជាមួយ លោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីទំាងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្ត ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជាក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕






