
សម្តេចប្រធានរដ្ឋសភា ឃួន សុដារី បានជួបពិភាក្សាការងារជាមួយ លោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៦ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរប្តេជ្ញារួមគ្នាក្នុងការពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀតទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
សម្តេចរដ្ឋសភាធិបតី និងលោកស្រីប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ មានក្តីរីករាយជាអនេក ដែលបានជួបពិភាក្សាការងារជាមួយគ្នាសាជាថ្មីម្តងទៀត។ សម្តេចបាន ចាត់ទុកជំនួបនាឱកាសនេះ ថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយថ្មីថែមទៀតសម្រាប់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិទាំងនីតិប្រតិបត្តិ និងជាការឆ្លុះបញ្ចាំងពីការអនុវត្តនូវអនុស្សារណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសយើងទាំងពីរ ដែលបានចុះហត្ថលេខានៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរ ចំពោះតួនាទីដឹកនាំរបស់អាស៊ែបៃហ្សង់ ដែលបានជួយសម្របសម្រួលបណ្ដាញសភាចលនាមិនចូលបក្សសម្ព័ន្ធ ដែលកំពុងទទួលបានការគំាទ្រនិងចូលរួមកាន់តែសកម្មឡើង។ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទំាងពីរ មានជំនឿយ៉ាងមុតមាំថា “ទំនាក់ទំនងប្រទេសទំាងពីរនឹងត្រូវពង្រឹងពង្រីកបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល ឈរលើភាពស្មោះត្រង់ យោគយល់ និងការជឿទុកចិត្តគ្នាទៅវិញទៅមក”។ ទំាងសម្តេច និងលោកស្រី សាហ៊ីបា ហ្គាហ្វារ៉ូវ៉ា យល់ស្របថាប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើន ដែលត្រូវអនុវត្តពង្រឹងពង្រីកបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំជាដើម។
លោកស្រីសាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្នើសម្តេចជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មឡើងរវាងក្រុមមិត្តភាព គណៈកម្មការជំនាញនៃរដ្ឋសភាប្រទេសទំាងពីរ។ លោកស្រីប្រធានរដ្ឋសភា បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេស អាស៊ែបៃហ្សង់ នាពេលខាងមុននេះផងដែរ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញរបស់ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ និងបានគូសបញ្ជាក់ថា “ការខកខានមិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នាពេលកន្លងមកនោះ ក៏ដោយសារកម្ពុជា កំពុងស្ថិតនៅស្ថានភាពដ៏លំបាកមួយ គឺកំពុងរងនូវជម្លោះព្រំដែនជាមួយប្រទេសថៃ”។
សម្តេចបានជម្រាបប្រទេសជាមិត្តថា “កម្ពុជាស្រលាញ់សន្តិភាព និងមិនចង់ឃើញ មិនចង់ឮ ឬចង់ជួបសង្រ្គាមនោះឡើយ” ដោយសារអតីតកាលកម្ពុជា បានរងគ្រោះពីសង្រ្គាមជាងបីទសវត្សរ៍មកហើយ។ កម្ពុជាស្គាល់ពីទុក្ខលំបាកនិងសោកនាដកម្មពីសង្រ្គាមយ៉ាងច្បាស់ ដូច្នេះបានប្តេជ្ញាចិត្តយ៉ាងមោះមុត និងឆន្ទៈខ្ពស់ក្នុងការអនុវត្តដោយពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា-ថៃ ដែលសម្រេចបាននៅទីក្រុងកូឡាឡាំពួកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន នឹងត្រូវបានដាក់ពង្រាយនាពេលឆាប់ៗនេះ តាមដែលអាចធ្វើទៅបាន ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព សំដៅកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិភាពយូរអង្វែង និងស្តារឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ថៃ។
លោកស្រីសាហ៊ីបា ហ្គាហ្វារ៉ូវ៉ា បានស្តាប់ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានយល់ពីអារម្មណ៍របស់សម្តេចប្រធានរដ្ឋសភា និងអារម្មណ៍របស់ពលរដ្ឋខ្មែរ។ លោកស្រីប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា “អាស៊ែបៃហ្សង់ ក៏ធ្លាប់បានឆ្លងកាត់បទពិសោធន៍ស្រដៀងនឹងកម្ពុជានេះដែរ។ ជាការពិត សង្រ្គាមបានបង្កទុក្ខលំបាក និងវិនាសកម្មច្រើនណាស់ ពិសេសផលលំបាកធ្លាក់ទៅលើស្រ្តី និងកុមារដែលជាជនងាយរងគ្រោះ”។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានឯកភាពគ្នាថា នៅក្នុងស្ថានការណ៍អន្តរជាតិកាន់តែមានភាពស្មុគស្មាញ មិនប្រាកដប្រជា និងប្រែប្រួលយ៉ាងឆាប់រហ័ស ហើយប្រព័ន្ធអន្តរជាតិដែលផ្អែកលើច្បាប់កាន់តែចុះខ្សោយទៅវាពិតជាមានសារៈសំខាន់ ក្នុងការស្តារ និងបណ្តុះស្មារតីនៃកិច្ចសហប្រតិបត្តិការសាកលឱ្យរស់ឡើងវិញ៕

