ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះកម្លាំងនគរបាល កម្លាំងជំនាញបង្ក្រាបបាតុកម្ម កម្លាំងយោធាថៃ និងកម្លាំងចម្រុះផ្សេងទៀត ប្រមាណ ៣០០ នាក់ ដែលម្តងហើយម្តងទៀត បានបង្កសកម្មភាពអមិត្ត បំពានដោយឥតអៀនខ្មាស មកលើដែនបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា ព្រមទាំងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ជាក់ស្តែងក្នុងចំណោមអំពើបង្កហេតុជាច្រើនករណី ដូចមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានដឹងឮរួចមកហើយនោះ នាម៉ោងប្រមាណ ០៣និង៤៤នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងនគរបាល កម្លាំងជំនាញបង្ក្រាបបាតុកម្ម យោធា និងកងកម្លាំងថៃចម្រុះផ្សេងទៀត បានចូលមករាយបន្លាលួសលើដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រសួងមហាផ្ទៃ បានកត់សម្គាល់ថា នគរបាល និងយោធាថៃ បានប្រើប្រាស់ខែល ដំបងឆក់ ដំបងវែងសម្រាប់រុញច្រានប្រជាពលរដ្ឋ ប្រើគ្រាប់បែកផ្សែង បាញ់កាំភ្លើងគ្រាប់ជ័រ ឧបករណ៍បំពងសំឡេង និងកម្លាំងចម្រុះថៃផ្សេងទៀត ប្រើជំពាម គ្រាប់ដែក គ្រាប់ឃ្លីបាញ់មកលើកងកម្លាំងកម្ពុជា ទាំងនគរបាល យោធា ដែលគ្មានអាវុធក្នុងដៃ ព្រះសង្ឃ ព្រមទាំងប្រជាពលរដ្ឋខ្មែរ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ដួលសន្លប់ ចំនួន ២៩ អង្គ/នាក់ ខណៈកម្លាំងនគរបាល និងយោធា កម្ពុជា បានប្រកាន់ខ្ជាប់ការអនុវត្តបទឈប់បាញ់ ពោល គឺប្រចាំការដោយគ្មានអាវុធអ្វីក្នុងដៃ ឯប្រជាពលរដ្ឋវិញ ក៏មានត្រឹមតែដំបងសម្រាប់រុញ និងតម្ពក់ឈើសម្រាប់អូសបន្លាលួសចេញពីដីធ្លី និងភូមិរបស់ពួកគាត់។
ក្រសួងមហាផ្តៃ សម្តែងការសោកស្តាយអំពើបង្កហេតុរបស់នគរបាល យោធា និងកងកម្លាំងចម្រុះថៃ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ របស់ខ្មែរ បានកើតមានឡើងក្នុងថ្ងៃតែមួយតែម្តង បន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងអភិបាលខេត្តស្រះកែវ របស់ថៃ បានជួបប្រជុំគ្នានៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសម្របសម្រួលស្វែងរកដំណោះស្រាយល្អជូនប្រជាពលរដ្ឋខេត្តទាំងពីរ ជាពិសេស ទប់ស្កាត់សកម្មភាពរាយបន្លាលួស ដាក់ស្ពៃខ្មៅ និងកង់ឡានជាដើម។ កាន់តែនឹកស្មានមិនដល់ អំពើបង្កហេតុនេះ បានកើតមានឡើងភ្លាមៗតែម្តង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (IOT) បញ្ចប់បេសកកម្មចុះសង្កេតការណ៍នៅភូមិព្រៃចាន់។
យ៉ាងណាក៏ដោយ រឿងហេតុនេះ បានកើតឡើងស្របគ្នា នឹងគោលគំនិតរបស់អភិបាលខេត្តស្រះកែវ ដែលកាលពីពេលថ្មីៗនេះ បានជំរុញឱ្យពលរដ្ឋថៃចល័តមករស់នៅ និងអាស្រ័យផលលើដីក្នុងភូមិព្រៃចាន់ របស់ខ្មែរ ដោយអះអាងថានឹងផ្តល់បណ្ណកម្មសិទ្ធិថែមទៀត។ ត្រង់ចំណុចនេះ ក្រសួងមហាផ្ទៃ សូមបញ្ជាក់ថា តាមច្បាប់ជាតិ អាជ្ញាធររដ្ឋបាលដែនដី អាចបញ្ជូនពលរដ្ឋរបស់ខ្លួនទៅកាន់កាប់ដីធ្លី នៅតំបន់ណាមួយបាន លុះត្រាតែរកឱ្យឃើញថា “ដីនោះជាកម្មសិទ្ធិរបស់នរណាជាមុនសិន”។ តាមច្បាប់អន្តរជាតិវិញ គឺមិនអាច ប្រើសកម្មភាពកងកម្លាំងប្រដាប់អាវុធ ឬជនស៊ីវិល មកវាតទីរំលោភយកដោយមធ្យោបាយផ្សេងៗ រួមទាំងអំពើហិង្សា ហើយសន្មតជាឯកតោភាគីថាជាខ្សែបន្ទាត់ព្រំដែនស្របច្បាប់នោះឡើយ។
ក្រសួងមហាផ្ទៃកម្ពុជា សូមសង្កត់ធ្ងន់ជាឱឡារិកថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាតាមយន្តការ កិច្ចព្រមព្រៀងទ្វេភាគី ដោយគោរពតាមច្បាប់អន្តរជាតិ ប្រកបដោយសន្តិភាព របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពអង់អាចប្រតិភាណ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន មានកាតព្វកិច្ច និងឆន្ទៈមោះមុតណាស់ ការពារផ្ទះសំបែង ដីធ្លីស្រែ ចម្ការ និងភូមិករ ដែលជាកេរ្តិ៍មរតកបន្សល់ទុកពីដូនតាច្រើនជំនាន់មកហើយ។ អំពើបង្កហេតុនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់បូរណភាពទឹកដី អធិបតេយ្យភាពជាតិ លំនៅឋាន ដីស្រែចម្ការ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជះឥទ្ធិពលអាក្រក់ដល់សណ្តាប់ធ្នាប់តំបន់ និងពិភពលោកទៀតផង។
ទង្វើរបស់ថៃ ក៏ជាគំរូអាក្រក់ ដែលមនុស្សជាតិលើពិភពលោកស្អប់ខ្ពើម ហើយបាននិងកំពុងព្យាយាមលុបបំបាត់ ដើម្បីរក្សាគុណតម្លៃ នៃបុព្វហេតុរួមរបស់មនុស្សជាតិ គឺការរស់នៅជាមួយគ្នាប្រកបដោយភាពចុះសម្រុង ដោះស្រាយបញ្ហាដោយសន្តិវិធី និងឈរលើយន្តការច្បាប់អន្តរជាតិ។ ទង្វើរបស់ថៃ បានបំពានចូលយ៉ាងជាក់ស្តែងនៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះកងកម្លាំងចម្រុះថៃ បានរៀបចំអនុវត្តផែនការបង្កហេតុរួមទាំងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ ជាពិសេសការរាយបន្លាលួសព័ទ្ធផ្ទះសំបែង ដីធ្លី ភូមិករ និងការបណ្ដេញពលរដ្ឋខ្មែរឱ្យចេញពីភូមិឋានកំណើត ដែលរស់នៅអាស្រ័យផល តាំងពីយូរយារណាស់មកហើយ។ អំពើនេះ ជាការរំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ជាអាទិ៍ “សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ” ដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាតិ និងលិខិតតុបករណ៍អន្តជាតិផ្សេងទៀត។
ក្រសួងមហាផ្ទៃកម្ពុជា សូមទទួចទៅកាន់អាជ្ញាធរ និងកម្លាំងនគរបាលថៃ ព្រមទាំងកម្លាំងចម្រុះថៃផ្សេងទៀត បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ ពោល គឺមិនត្រូវបង្កើតគោលការណ៍ឯកតោភាគី ឬដាក់ផែនការដោយសន្មត ខុសពីច្បាប់អន្តរជាតិ ដើម្បីអនុវត្តលើដែនដីរបស់កម្ពុជាជាដាច់ខាត ពោល គឺ «មិនត្រូវអនុវត្តច្បាប់អាជ្ញាសឹកថៃ លើដីកម្ពុជាឡើយ»។ យើងក៏សូមទទូចឱ្យភាគីថៃ មានសេចក្តីថ្លៃថ្នូរឡើងវិញ ដោយងាកមកគោរពបទឈប់បាញ់ ចូលរួមពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី និងចូលរួមដោះស្រាយបញ្ហាជាមួយកម្ពុជាប្រកបដោយសន្តិវិធី ស្មោះត្រង់ ឈរលើច្បាប់ និងយន្តការអន្តរជាតិ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថានការណ៍នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រោះ បានធូរស្រាលហើយ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរ បានរុញច្រាន និងរើបន្លាលួសថៃ បានជាង១០០ ម៉ែត្រ។ តែទោះយ៉ាងណា កម្លាំងចម្រុះថៃ មិនទាន់ដកថយនៅឡើយទេ ខណៈប្រជាពលរដ្ឋខ្មែរ ក៏មិនទាន់ចាកចេញពីចំណុចវិវាទនោះដែរ។ ក្នុងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក អ៊ុ រាត្រី អភិបាលខេត្ត បានកំពុងសម្របសម្រួលក្រុមអ្នកសង្កេតការណ៍អន្តរកាល និងដឹកនាំអាជ្ញាធរស្រុកអូរជ្រៅ កងកម្លាំងចម្រុះ អាជ្ញាធរឃុំអូរបីជាន់ ចូលរួមប្រចាំការនៅតំបន់ភូមិព្រៃចាន់ ដើម្បីការពារបូរណភាពទឹកដី និងម្យ៉ាងទៀតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមប្រកាសគាំទ្រ ពេញទំហឹង សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជ្រើសយកយន្តការការទូត ដោយផ្ញើលិខិតជូន លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភព លោក រួមមាន លោក ស៊ី ខឹងពឹង ប្រធានាធិបតីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក អង់តូនីញូ ហ្គោគេរើស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកស្រី អាណាលេណា បេណាបក ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ដើម្បីទាញចំណាប់អារម្មណ៍ថ្នាក់ដឹកនាំពិភពលោកទាំងអស់ផ្តោតលើស្ថានការណ៍ថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺសម្រាប់តំបន់ទាំងមូលតែម្តង៕






