2025-08-30 12:44
112

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងថ្លុងឈាម នៅបរិវេនសួនច្បារកោះពេជ្រ ដោយមានស្នាមអា.ក និងចាក់សម្លាប់ជាច្រើនកាំបិត បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីកណ្តាលអធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ។ ករណីនេះ សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាអំពើ «ឃាតកម្ម» ជនសង្ស័យបានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២៣និង៤០នាទី ត្រង់ចំណុច សួនច្បារមុខសាលាកោះពេជ្រ វិថីសួនច្បារ ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសក់ ខណ្ឌចំការមន មានករណីអំពើឃាតកម្មមួយកើតឡើង ដោយស្រ្តីម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់កូនកាំបិតចាក់ និងអាករ សម្លាប់ទៅលើជនរងគ្រោះ មិនទាន់ដឹងមូលហេតុ ហើយឃាតករបានគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ ឋានៈ អធិការរងទទួលបន្ទុកផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមនបានចុះទៅដល់កន្លែងកើតហេតុ ក៏ប្រទះឃើញអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងសម្ភាសន៍ជាមួយស្រ្តី០២ នាក់ មានឈ្មោះ សៀម ចាន់សន និងឈ្មោះ ឃន់ ស្រីកា នៅកន្លែងកើតហេតុ។ ពេលនោះលោកវរសេនីយ៍ត្រី ហួត គង់ បានស្នើសុំពួកគាត់សហការទៅធ្វើសាក្សីបំភ្លឺពីព្រោះគាត់អាចជាសាក្សីសំខាន់ផងដែរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ជុំវិញរឿងហេតុខាងលើ តែដោយស្ត្រីទាំង០២នាក់ បានប្រកែកនឹងអង្គុយលើម៉ូតូបម្រុងចាកចេញទៅមិនចង់សហការជាមួយសមត្ថកិច្ច ខណៈនោះលោកវរសេនីយ៍ត្រី ហួត គង់ ក៏បានស្រែកបញ្ជាទៅលោកព្រិន្ទបាលឯក ប៊ុន សុវណ្ណវឌ្ឍនា ជាមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ធ្វើការដកសោរម៉ូតូពីពួកគាត់ខាងលើ ដើម្បីអញ្ជើញពួកគាត់ទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់។

ជុំវិញករណីខាងលើនេះ ក៏មានការផ្សព្វផ្សាយលើបណ្តាញសង្គមចោទលោកអធិការរងម្នាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ថាបានស្រែកសម្លុត ប្រើពាក្យសំដី និងកាយវិកាមិនសមរម្យចំពោះស្រ្តី០២នាក់ នៅចំណុចកោះពេជ្រ ខណ្ឌចំការមន កាលពីយប់អធ្រាត្រថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ លុះព្រឹកថ្ងៃទី៣០ ខែសីហានេះ ប្រធានអង្គភាព ក៏បានអញ្ជើញគាត់មកធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដែលបំពេញភារកិច្ចប្រើពាក្យសំដី និងកាយវិកាមិនសមរម្យ។

ចំពោះស្ត្រី០២នាក់ ដែលជាសាក្សីដ៏សំខាន់បានឃើញហេតុការណ៍នេះ បន្ទាប់មកពួកគាត់ក៏បានសហការជាមួយសមត្ថកិច្ចយល់ព្រមទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក្រោយពីបំភ្លឺរួចហើយសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យពួកគាត់ចាកចេញទៅ ដោយមិនបានឃាត់ខ្លួនពួកគាត់នោះទេ៕