2026-04-03 11:15
4

ស្វាយរៀង៖ កម្លាំងប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យ និងឆែកឆេរ ទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធសកម្មភាពអាជីវកម្មអនឡាញខុសច្បាប់ និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ 

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តស្របតាមបទបញ្ជាដ៏តឹងរឹងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងការដឹកនាំតម្រង់ទិសពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់។ 

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានរកឃើញជនបរទេសសរុប១០៧នាក់ ក្នុងនោះស្រី២៦នាក់ មាន៤សញ្ជាតិ រួមមាន៖ ជនជាតិចិន ៦៧នាក់ ស្រី ៧នាក់ (មានលិខិតឆ្លងដែន ៥៨ក្បាល) ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ស្រី ៩នាក់ (មានលិខិតឆ្លងដែន ១៧ក្បាល) ជនជាតិមីយ៉ាន់ម៉ា ២នាក់ (មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម ១៧នាក់ ស្រី៨នាក់ (មានលិខិតឆ្លងដែន ១៧ក្បាល)។ 

ក្នុងទីតាំងខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន កុំព្យូទ័រ All-in-One ចំនួន ៨៩គ្រឿង កុំព្យូទ័រយួរដៃ ៥៧គ្រឿង iPad ៧៣គ្រឿង ម៉ូនីទ័រ១គ្រឿង ទូរសព្ទដៃចំនួន១,៤២១គ្រឿង ម៉ាស៊ីនបោះពុម្ព១គ្រឿង និងទូដែក៧ ដែលត្រូវបានសង្ស័យប្រើប្រាស់ក្នុងសកម្មភាពអនឡាញខុសច្បាប់។ 

តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ ក្នុងចំណោមអ្នកពាក់ព័ន្ធ មានជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងការលួចធ្វើអាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ តាមរយៈវេបសាយ BABY SLOT ខណៈជនសង្ស័យ២នាក់ទៀត ត្រូវបានរកឃើញពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ 

បច្ចុប្បន្ន ជនសង្ស័យ ៤នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមច្បាប់ ខណៈជនសង្ស័យ ២នាក់ទៀត ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

ចំណែកជនបរទេស ១០១នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ 

អាជ្ញាធរបានបញ្ជាក់ថា ការបង្ក្រាបនេះ បង្ហាញពីការបន្តរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងសកម្មភាពស្កេមអនឡាញ ដែលបង្កហានិភ័យដល់សន្តិសុខសង្គម និងសេដ្ឋកិច្ចជាតិ៕