ភ្នំពេញ៖ បុរសម្នាក់ ដែលត្រូវសង្ស័យថា ប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដែលបម្រើការងារម៉ាស្សា និងកោសជប់ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥។
តាមការបញ្ជាក់ពីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅលើផ្លូវបេតុង ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធក្នុងករណីអំពើហិង្សា។
ជនសង្ស័យមានឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានទីលំនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តបទល្មើសនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ ក្នុងហាងម៉ាស្សា និងកោសជប់មួយ ស្ថិតនៅផ្លូវរទេះភ្លើង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងដំណើរការកសាងសំណុំរឿង និងចាត់ការដោយគោរពតាមនីតិវិធី៕




