សៀមរាប៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរមូលដ្ឋានប្រកាសប្រាប់ដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈដែលក្រពើ ចំនួន ៣០ ក្បាល បានរួចចេញពីអាងចិញ្ចឹមមួយ ស្ថិតក្នុងភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ កាលពីយប់ថ្ងៃទី១១ វិច្ឆិកា។
តាមរយៈការបញ្ជាក់ពីមន្ត្រីជំនាញ ការរត់រួចនេះកើតឡើងក្នុងចំណោមក្រពើ សរុបចំនួន ៧៣ ក្បាល ដែលបានចិញ្ចឹមដោយលោក ឈឿង ស៊ីម៉ាក រស់នៅភូមិ ឃុំខាងលើ។
គិតត្រឹមរសៀលថ្ងៃទី១២ ខែវិច្ឆិកា ក្រុមការងារបានអាចចាប់យកក្រពើត្រឡប់មកវិញ បានចំនួន ២៦ ក្បាល ខណៈដែលនៅសល់ ចំនួន ០៤ ក្បាល ទៀតមិនទាន់រកឃើញ។ ក្រុមការងារបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកក្រពើដែលនៅសល់ឱ្យអស់មកវិញ។
ដោយខ្លាចមានគ្រោះថ្នាក់អាចកើតឡើង អាជ្ញាធរមូលដ្ឋានបានណែនាំឲ្យប្រជាពលរដ្ឋជៀសវាងការចូលទៅនៅជិតប្រឡាយទឹក ឬតំបន់ជិតអាងចិញ្ចឹមរហូតដល់ការស្វែងរកបញ្ចប់៕






