តាកែវ៖ ក្រសួងបរិស្ថាន តាមរយៈក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន សហការជាមួយនិងមន្ទីរបរិស្ថានខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរកឃើញ រោងចក្រកាត់ដេរ Perfect Vision Fashion (Cambodia) Co., Ltd ស្ថិននៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ បានដុតកម្ទេចក្រណាត់ និងប្រេងម៉ាស៊ូត លាយជាមួយអុស សម្រាប់ក្នុងឡ និងបានបញ្ចេញផ្សែងខ្មៅ និងក្លិនឈ្ងៀម ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងខ្លាំង។
ករណីនេះ គឺល្មើសនឹង មាត្រា ១៦១ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ លើសពីនេះ រោងចក្រពុំបានរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន ក្នុងរយៈពេល៦ខែម្តង ដូចមានចែងក្នុងកិច្ចសន្យាការពារបរិស្ថាន គឺល្មើសនឹង មាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ពាក់ព័ន្ធការបំពុលបរិស្ថាននេះ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការអនុវត្តចំពោះ ក្រុមហ៊ុននេះ តម្រូវឲ្យបញ្ឈប់ជាបន្ទាន់នូវការយកកម្ទេចក្រណាត់ ទៅដុតក្នុងឡ និងតម្រូវឲ្យរៀបចំតបំពង់ផ្សែងឡឲ្យបានខ្ពស់ផុតឡើងលើថែមទៀត ដើម្បីកុំផ្សែងហុយធ្លាក់ទៅលើលំនៅឋានប្រជាពលរដ្ឋទៀត។ លើសពីនេះ ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន រៀបចំរបាយការណ៍អង្កេត តាមដានបរិស្ថាន ទៅតាមការកំណត់។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍អនុលោមតាម មាត្រា ៨២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
ក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់បណ្តារោងចក្រ សហគ្រាស និងក្រុមហ៊ុន ទាំងឡាយណា ដែលបានគោរពច្បាប់បរិស្ថានត្រឹមត្រូវ និងសូមអរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានរាយការណ៍ពីករណីបំពុលបរិស្ថាននៅកម្ពុជា។
ក្រសួងបរិស្ថាន អំពាវនាវឱ្យមានការចូលរួមសាមគ្គីគ្នាបន្តទៀត ដើម្បីទប់ស្កាត់ការបំពុលដី បំពុលទឹក និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋ និងបរិស្ថានមានសុខភាពល្អ និងកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត៕






