2025-11-12 09:41
6

សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើន ជាង ២០០ លាននាក់ និងជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា”។ នេះបើយោងតាមការឱ្យដឹងពីក្រសួងទេសចរណ៍ នៅថ្ងៃពុធម្សិលមិញនេះ។

ក្រសួងទេសចរណ៍បានបន្ថែមថា ដោយទទួលបានសិទ្ធិប្រទានក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នាដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism - 26th General Assembly) នៅរាជធានីរីយ៉ាដ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ ប្រស៊ីល និងជាលេខាធិការប្រតិបត្តិអង្គការទេសចរណ៍សហប្រជាជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី សហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រទេសកម្ពុជា អាចធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគក្នុងវិស័យទេសចរណ៍ និងការបង្កើតនូវផលិតផលទេសចរណ៍ដែលមានតម្លៃបន្ថែម និងទេសចរណ៍បែបបេតិកភណ្ឌដល់ទីផ្សារប្រេស៊ីលដ៏មានសក្តានុពលខ្ពស់ជាមួយប្រជាជន ជាង ២០០ លាននាក់ និងពង្រីកការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀតពីតំបន់ទ្វីបអាមេរិកខាងត្បូង៕