2025-11-07 13:55
15

ក្រុងបេរូត (AP)៖ យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបង្កើនការវាយប្រហារស្ទើរតែរាល់ថ្ងៃទៅលើទីក្រុងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃព្រហស្បតិ៍។ ការវាយប្រហារតាមអាកាសនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធ Hezbollah បានជំរុញឱ្យរដ្ឋាភិបាលលីបង់កុំចូលចរចាជាមួយអ៊ីស្រាអែល។

យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាសម្រាប់ក្រុម Hezbollah នៅក្នុងតំបន់ទាំងនោះ រួមទាំង កន្លែងផ្ទុកអាវុធ... ដែលសាងសង់នៅកណ្តាលតំបន់ដែលមានប្រជាជនស៊ីវិល។ ក្នុងនោះ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមិនអនុញ្ញាតឱ្យក្រុម Hezbollah រៀបចំខ្លួនឡើងវិញ ស្តារឡើងវិញ កសាងកម្លាំងរបស់ខ្លួន ដើម្បីគំរាមកំហែងដល់រដ្ឋអ៊ីស្រាអែលនោះទេ។

អ៊ីស្រាអែលបន្តថា ការវាយប្រហារប្រចាំថ្ងៃរបស់ខ្លួនបានកំណត់គោលដៅលើមន្ត្រី Hezbollah និងហេដ្ឋារចនាសម្ព័ន្ធយោធា ខណៈដែលរដ្ឋាភិបាលលីបង់ដែលគាំទ្រការរំសាយអាវុធ Hezbollah និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធដែលមិនទាក់ទងទៅនឹងក្រុមគាំទ្រដោយអ៊ីរ៉ង់នោះទេ។

ភាគីទាំងសងខាង នៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមក ពិសេសលើការរំលោភលើបទឈប់បាញ់ដែលចូលជាធរមានចុងក្រោយបំផុត នៃសង្គ្រាមរវាងអ៊ីស្រាអែលនិងហេសបូឡាកាលពីខែវិច្ឆិកាឆ្នាំមុន។ ហើយជម្លោះដ៏រ៉ាំរ៉ៃបានចាប់ផ្តើមបន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាសបានពង្រីកខ្លួនឆ្លៀតឱកាសវាយប្រហារលើអ៊ីស្រាអែល ដែលជាហេតុបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា។

ក្រោយការវាយប្រហារឥតឈប់ឈររបស់អ៊ីស្រាអែល ប្រធានាធិបតីលីបង់ លោក Joseph Aoun បានរិះគន់ចំពោះការវាយប្រហារនេះយ៉ាងខ្លាំង ជាពិសេសចំពោះការកាន់កាប់ជាបន្តបន្ទាប់លើកំពូលភ្នំចំនួនប្រាំនៅលើទឹកដីលីបង់ ប៉ុន្តែប្រធានាធិបតីរូបនេះបើកភ្លើងខៀវថា លោកនឹងបើកចំហសម្រាប់ការចរចាជាមួយអ៊ីស្រាអែល ដើម្បីបញ្ចប់ភាពតានតឹងនេះ៕