ស្វាយរៀង៖ កាស៊ីណូ ស៊ីនវើរ ស្តារ មានទីតាំងក្នុងក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានគណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ហៅកាត់ថា «គ.ល.ក.» បានសម្រេចចាត់វិធានដោយព្យួរអាជ្ញាប័ណ្ណជាបណ្តោះអាសន្នមិនអនុញ្ញាតឱ្យបន្តអាជីវកម្មនោះទេ បន្ទាប់ពីរកឃើញថា មានពាក់ព័ន្ធការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លេខាធិការដ្ឋាននៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ និងសម្របសម្រួល ជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជកម្មកម្ពុជា (គ.ល.ក.) និង កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង នៅថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៥ នេះ បានចុះឆែកឆេរទីតាំង សង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកាស៊ីណូ ស៊ីលវើរ ស្តារ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រតិបត្តិការនេះ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន ២៣ នាក់ ក្នុងនោះ មានជនជាតិស្រីលង្កាមាន ចំនួន ០៦ នាក់ (ស្រ្តី១នាក់), ប៉ាគីស្ថាន ០៧ នាក់ (ស្រ្តី ២នាក់), ហ្វីលីពីន ០២ នាក់ (ស្រី ២នាក់), នេប៉ាល់ ០២ នាក់ (ស្រ្តី២នាក់), ឥណ្ឌា ០១ នាក់, នីហ្ស៊េរីយ៉ា ០១ នាក់, អាល់ហ្ស៊េរី ០១ នាក់ (ដែលសមត្ថកិច្ចសង្ស័យជាជនរងគ្រោះ) និងជនសង្ស័យជាមុខសញ្ញាមេខ្លោង ចំនួន ០៣ នាក់ ចិនតៃវ៉ាន់ ០១ នាក់ និងម៉ាឡេស៊ី ចំនួន ០២ នាក់ ជាមួយនឹងការដកហូតវត្ថុតាងរួមមាន Call Center ចំនួន ២៤ទូរ, លិខិតឆ្លងដែន១៩ក្បាល និងទូរសព្ទដៃ ២០ គ្រឿង។
បន្ទាប់ពីទទួលបានភស្តុតាងគ្រប់គ្រាន់ គណ:កម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានសម្រេចចាត់វិធានព្យួរអាជ្ញាប័ណ្ណ ចំពោះកាស៊ីណូ ស៊ីលវើរ ស្តារ មិនឲ្យដំណើរការអាជីវកម្មបន្តទៀតទេ។
បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនមុខសញ្ញាមេខ្លោងទាំង៣នាក់ ទៅតុលាការខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីផ្តន្ទាទោសតាមច្បាប់។ ចំណែកឯជនបរទេស ចំនួន ២០ នាក់ទៀត ត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំបែបបទបន្តនីតិវិធីនិរទេសចេញពីកម្ពុជា។
សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹង អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងឡើយ៕






