លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានទទួលជួបពិភាក្សាជាមួយ លោក Chang Bo ប្រធានរដ្ឋបាលទំនាក់ទំនងបរទេសចិន អមដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោកឆ្នាំ២០២៦ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៥។
អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា និងមិត្តចិន បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជាចិន ដែលមានតាំងពីប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន។ ភាគីទាំងពីរ បានរំលឹកពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិកន្លងមក។
នៅក្នុងកិច្ចពិភាក្សា លោក Chang Bo បានលើកឡើងថា «ប្រទេសចិន និងប្រជាជនចិនទាំងអស់ សូមថ្លែងអំណរគុណកម្ពុជា ដែលគាំទ្រចិន តាំងពីដើមរហូតមក និងគ្រប់កាលៈទេសៈ ដែលជាមិត្តល្អបំផុតរបស់ចិន»។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណប្រទេសចិន និងប្រជាជនចិន ដែលផ្តល់នូវក្តីស្រឡាញ់ និងជួយកម្ពុជាពីដើមរហូតមក។ ទោះបីមានភាសាខុសគ្នា តែវប្បធម៌ប្រហាក់ប្រហែលគ្នា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។
សម្រាប់កិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ លោកបណ្ឌិត បានស្នើភាគីមិត្តចិន ពិនិត្យលទ្ធភាពបង្កើនអាហារូបករណ៍ពី ២០០ ទៅដល់ ៣០០ នាក់ និងច្រើនមុខវិជ្ជា ដូចជាការកែច្នៃម្ហូបអាហារ និងជំនាញបដិសណ្ឋារកិច្ច និងចុងភៅ ជាដើម។ បង្កើនការវិនិយោគ និងផលិតកម្មកែច្នៃនៅកម្ពុជា និងទិញផលិតផលកសិកម្មកម្ពុជា កាន់តែច្រើន។ បង្កើនចំនួនទេសចរណ៍ចិនដល់ ៣ លាននាក់ ក្នុងឆ្នាំ២០៣០ និងជំរុញកិច្ចសហការផ្នែកសុខាភិបាល ដូចជាផ្នែកវះកាត់ពីចម្ងាយ វះកាត់ដោយរ៉ូបត, និងការស្រាវជ្រាវលើវិស័យសុខាភិបាល ជាពិសេសលើការព្យាបាលជំងឺមហារីក៕





