គូឡាឡាំពួរ៖ ក្នុងជំនួបទ្វេភាគីកំឡុងពេលចូលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់សារជាថ្មី ជម្រាបប្រាប់លោកស្រី Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ថា «កម្ពុជា នឹងបន្តការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ»។
សូមជម្រាបថា នៅរសៀល ថ្ងៃទី២៧ ខែតុលានេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រីវ Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់សហរដ្ឋអាម៉េរិក ក្នុងការជួយដោះស្រាយជម្លោះរវាងកម្ពុជា និងថៃ ឈានទៅការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ដោយហេតុថា “សន្តិភាព គឺជាទ្រព្យដ៏ដែលមានតម្លៃបំផុត និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ”។
នៅឆ្នាំ២០២៥នេះ ជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាម៉េរិក ខណៈដែលកម្ពុជាកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាម៉េរិក ជាមួយគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដែលទើបទទួលបាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ៕





