2025-10-24 14:18
10

កំពង់ធំ៖ ក្នុងពេលចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មក្នុងមូលដ្ឋានបានធ្វើឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធជនសង្ស័យបាញ់រះ បណ្តាលឱ្យចំមន្ត្រីនគរបាលម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ហើយជនល្មើសបានប្លន់អាវុធខ្លី ០១ ដើម រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុច ភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ខណៈកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ០២ នាក់។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ០២នាក់ ត្រូវបានស្គាល់អត្តសញ្ញាណម្នាក់ មានឈ្មោះ ថន ឌីណា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំ អណ្តូងពោធិ៍ ស្រុកតាំងគោក និងម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណឡើយ។

តាមប្រភពបានឱ្យដឹងថា មុខពេលកើតហេតុ សមត្ថកិច្ចបានចុះប្រតិបត្តិការ ដើម្បីបង្ក្រាបមុខសញ្ញាជនសង្ស័យទាំង២នាក់ ប៉ុន្តែកំឡុងពេលប្រតិបត្តិការ ជនសង្ស័យបានយកអាវុធ AK47 បាញ់រះមកលើកម្លាំងនគរបាលបណ្តាលឱ្យស្លាប់មន្ត្រីនគរបាលម្នាក់ គឺលោក វសេនីយ៍ទោ ហួន សាវ័យ (ស្លាប់) និងលោក អនុសេនីយ៍ឯក ទឹម ចាន់នី (របួសធ្ងន់) ក្រោយកើតហេតុបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយបាញ់ប្រហារលើសមត្ថកិច្ចរួចជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចឆ្ពោះទៅខាងស្រុកចំការលើ ខេត្តកំពង់ចាម បាត់ដោយយកទាំង អាវុធ K59 មួយដើម និងទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ។

បច្ចុប្បន្ន ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនដៃដល់ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ពាក់ព័ន្ធករណីនេះដែរ មិនទាន់ការបញ្ជាក់ពីស្នងការនគរបាលខេត្តកំពង់ធំនៅឡើយទេ៕