
ភ្នំពេញ៖ ភាគីកម្ពុជា និងភាគីថៃ នឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២២ ខែតុលានេះ។
ប្រមុខការពារជាតិកម្ពុជា រំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់ លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ចំពោះបញ្ហាផ្សេងទៀត ដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថាកិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
សូមជម្រាបថា នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលមានលោកឧត្តមនាវីទោ Ahmad Shafirudin Bin Abu Bakar ជំនួយការនាយសេនាធិការទទួលបន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី និងអនុព័ន្ធយោធាកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ទទួលស្វាគមន៍ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយភាពកក់ក្តៅ៕


