2025-10-17 16:48
21

ការបង្ហាញអាកប្បកិរិយា និងទស្សនៈជាតិនិយមបែបឈ្លានពានរបស់កងទ័ពថៃ កាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៥នេះ នៅភូមិព្រៃចាន់ តាមបណ្តោយព្រំដែនកម្ពុជានោះ បានបង្កការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិ។ រូបភាពវីដេអូបង្ហាញឲ្យឃើញថា ទាហានថៃជាង ២០ នាក់ កាន់ដៃគ្នាជាជួរដើរឆ្លងកាត់ដីស្រែចំការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងទឹកដីកម្ពុជា ដោយច្រៀងចំរៀងជាតិជ្រុលនិយម ចម្រៀងភ្លេងជាតិ

ព្រឹត្តិការណ៍នេះ ត្រូវបានអះអាងថា ជា និមិត្តសញ្ញាបង្ហាញថាទីតាំងនោះ ជាដែនអធិបតេយ្យភាពរបស់ប្រទេសថៃ ដោយវរសេនីយឯក ឆៃណារុង កាស៊ី មេបញ្ជាការកងទ័ពពិសេសទី១២ នៃកងទ័ព Burapha ដែលបាននិយាយថា៖ ទីណាដែលជើងកងទ័ពថៃដើរឆ្លងទៅ ទីនោះជាដែនដីថៃ នេះជាការរំលោភបំពាន និងឈ្លានពានទឹកដីកម្ពុជាយ៉ាងពិតប្រាកដ។

ការនិយាយរបៀបមេទ័ពព្រៃថៃ ដែលមិនយល់អំពីអ្វីដែលគេហៅថា ជា សន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម១៩០៤-១៩០៧ ដែលមានចងនៅក្នុង MOU ២០០០ ថែមទៀតផងនេះ និងមិនមែនជាការសម្ដែងអារម្មណ៍បែបជាតិនិយមធម្មតានោះទេ ប៉ុន្តែជាការបង្ហាញនូវភាពគឃ្លើន និងជាទស្សនៈអាណានិគមសម័យថ្មី ក្នុងសតវត្សទី២១ ដែលថៃកំពុងប្រើ ដើម្បីសម្ញែងអំណាចនៃឥទ្ធិពលយោធារបស់ខ្លួនដោយគម្រាមកម្ពុជា ដើម្បីឈានទៅការរំកិល និងកាត់ និងច្រៀកយកដីកម្ពុជា ក្នុងពេលដែលកម្ពុជាមិនតបត និងកំពុងរក្សាភាពស្ងៀមស្ងាត់ដោយគោរពទៅតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលបានចុះហត្ថលេខានៅប្រទេសម៉ាឡេស៊ីឲ្យមានប្រសិទ្ធិភាពនោះ បែរជាយោធាថៃដែលល្មោភសង្គ្រាមបានកំពុងអនុវត្តយុទ្ធសាស្ត្រកាត់ទឹកដីកម្ពុជាបន្តិចម្តងៗ Salami-slicing Strategy

នេះសរបញ្ជាក់ឲ្យឃើញនូវការឈ្លានពានបន្តិចម្តងៗ ដើម្បីរំលោភទឹកដីកម្ពុជាដែលនៅជាប់ព្រំប្រដែនជាមួយខ្លួន ដែលហាក់បីដូចជាក្រុមឧទ្ទាមទ័ពព្រៃដែលមិនគោរពច្បាប់អន្តរជាតិ និងមានលក្ខណៈជាចោរលួចទឹកដី និងធ្វើមិនឲ្យមានការចាប់អារម្មណ៏ពីសហគមន៏ជាតិនិងអន្តរជាតិ។

ការឈ្លានពានជ្រកក្រោមស្លាក និមិត្តរូប ការអះអាងថា ជើងកងទ័ពដើរទៅណា ទីនោះជាទឹកដីថៃ គឺជាការរំលោភលើអធិបតេយ្យភាពនៃប្រទេសកម្ពុជាយ៉ាងច្បាស់ក្រឡែតមិនអាចប្រកែកបានឡើយ។ ទស្សនៈបែបនេះស្ទើរតែជាប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់ថៃ ដែលតែងតែចង់សម្ញែងភាពខែងរែងលើប្រទេសជិតខាង ដូចជាអតីតសម័យអាណានិគម។ 

វាជារបៀបចាស់គំរិលមួយនៃការប្រើកម្លាំងទ័ពក្នុងការកំណត់ព្រំដែន ដោយមិនគោរពច្បាប់អន្តរជាតិ និងគោរពតាមកិច្ចព្រមព្រៀង JBC, GBC, RBC បទឈប់បាញ់ ដែលបានចែងថា ភាគីទាំងពីត្រូវរក្សាស្ថានភាពដើម ដោយមិនត្រូវការចល័តកម្លាំងទ័ព ឬបង្កហេតុណាមួយឡើយ តែផ្ទុយទៅវិញភាគីថៃ មិនត្រឹមតែមិនអនុវត្តតាមនូវបទឈប់បាញ់នោះទេ ថែមទាំងបាននិងកំពុងបំពានលើប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ថែមទៀតផង។

ការសម្ដែងកាយវិការដ៏ក្រអើតក្រទមនេះកើតឡើងក្នុងពេលនៃកិច្ចប្រជុំសន្តិភាពក្រោមការយកចិត្តទុកដាក់ពីសំណាក់មេដឹកនាំសហរដ្ឋអាមេរិក និងប្រធានអាស៊ាន ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០២៥ ថែមទៀតផង។ ការណ៏នេះបញ្ជាក់ច្បាស់ណាស់ថា ថៃនឹងមិនមានបំណងចូលរួមយ៉ាងស្មោះត្រង់នោះទេ ព្រោះគេបានបង្ហាញចរិកថា ទោះមានការចុះហត្ថលេខាក៏ដោយ ក៏ខ្លួននឹងមិនអនុវត្តតាមដដែល។

ការបំពានលើសិទ្ធិ និងសន្តិភាពស៊ីវិលថៃមិនត្រឹមតែបង្ហាញអាកប្បកិរិយាឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើសង្គ្រាមផ្លូវចិត្ត ដោយចាក់សម្លេងខ្មោច សម្លេងឆ្កែលូ និងសម្លេងរំខានយ៉ាងខ្លាំងដល់មនុស្សចាស់ កុមារ និងប្រជាពលរដ្ឋកម្ពុជាពេលយប់ថែមទៀតផង។ ទង្វើនេះវាជាវិធីបំភិតបំភ័យដល់ប្រពលរដ្ឋកម្ពុជា និងបង្កអារម្មណ៍កក់ស្លុតដល់សាធារណជនថែមទៀតផង ដែលទង្វើនេះអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនកំពុងរិះគន់យ៉ាងខ្លាំងថា នេះជាទង្វើបែបជាការរំលោភបំពានធ្ងន់លើសិទ្ធិរស់នៅ និងសន្តិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃចាន់របស់កម្ពុជា។

គោលបំណងពិតប្រាកដរបស់ក្រុមយោធាព្រៃរបស់ថៃបែបនេះ គឺជាការបង្វែរចំណាប់អារម្មណ៏ និងការយកចិត្តទុកដាក់អន្តរជាតិតែប៉ុណ្ណោះ ការណ៏នេះអ្នកវិភាគជាច្រើនបានយល់ឃើញថា ពេលនេះថៃ កំពុងប្រើបញ្ហាព្រំដែននេះជាយុទ្ធសាស្ត្រ ដើម្បីបង្វែរការចាប់អារម្មណ៏របស់ប្រជាជនជ្រុលនិយមថៃ កុំឲ្យយកចិត្តទុកដាក់លើបញ្ហាវិបត្តិសេដ្ឋកិច្ច និងសង្គមខ្លួនដែលកំពុងរង្គោះរង្គើររកកល និងដួលរលំក្នុងពេលដ៏ខ្លីខាងមុខ ដោយសារតែការកើតចេញពីការបិទព្រំដែនកម្ពុជាថៃជាឯកតោភាគី និងការធ្វើពហិការដ៏ខ្លាំងក្លាដូចទឹកបាក់ទំនប់ពីប្រជាពលរដ្ឋកម្ពុជាដែលឈឺចាប់ក្នុងការំលោភបំពានទឹកដីកម្ពុជា ម្តងហើយម្តងទៀត ពីសំណាក់កងទ័ពព្រៃ។ 

ការបង្កជម្លោះជាមួយកម្ពុជា គឺជាវិធីមួយក្នុងការបង្កើតអារម្មណ៍ជាតិនិយមបែបប្រជាភិថុតបណ្តាលឲ្យប្រជាពលរដ្ឋថៃបំភ្លេចគិតទៅលើអសម្ថភាពដឹកនាំរដ្ឋាភិបាល Anutin Charvirakul និងការបរាជ័យក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចថៃ។ នេះក៏វាជាវិធី លួងចិត្តប្រជាជន ដើម្បីស្វែងរកការគាំទ្រផ្ទៃក្នុងបណ្តោះអាសន្នក្រែងអាចត្រូវបានប្រជាជនថៃបោះឆ្នោតឲ្យបន្តដឹកនាំប្រទេសបន្តទៀត៕