2025-08-26 14:42
17

នៅវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើរតួជានាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍មុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា អ្វីដែលទាហានថៃបានរាយបន្លាលួសនៅតំបន់ Baan Nong Chan ស្រុក Non Mak Mun ខេត្ត Sa Khok Sung គឺត្រឹមត្រូវ ហើយអ្វីគ្រប់យ៉ាងត្រូវបានធ្វើក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសម៉ាឡេស៊ី។

គួរឲ្យដឹងថា កងកម្លាំងយោធាថៃ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង១៤៖២០នាទី បានចូលមករាយលួសបន្លា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែលមានភូមិសាស្ដ្រទល់មុខភូមិណងចាន់ ឃុំខកសុខ ខេត្តស្រះកែវ ប្រទេសថៃ។ បន្ទាប់មកនៅវេលាម៉ោង១៥៖១៤នាទីរសៀល កងកម្លាំងថៃបានធ្វើសកម្មភាពជាថ្មីបម្រុងយកបន្លាលួសមករាយម្ដងទៀត ហើយក៏ត្រូវបានប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត ធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លា រហូតដល់កងកម្លាំងថៃ យកបន្លាលួសរបស់ខ្លួនចូលត្រឡប់ទៅវិញ។

ផ្ទុយនឹងការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីថៃខាងលើ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ បានលើកឡើងថា «ចាប់តាំងពីយប់ថ្ងៃទី២៥ ខែសីហា រហូតដល់ព្រឹកថ្ងៃទី២៦ ខែសីហានេះ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី និងប្រជាពលរដ្ឋផ្សេងៗទៀត បានរួមសាមគ្គីធ្វើការឆ្លើយតប និងស្ដែងពីការព្រួយបារម្ភចំពោះមុខនឹងការរាយបន្លាលួសរបស់កងទ័ពថៃ ក្នុងគោលដៅការពារនូវអ្វីដែលពួកគាត់ចាត់ទុកថា ជាទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់តែប៉ុណ្ណោះ ដែលកើតចេញពីឆន្ទៈនៃការស្រលាញ់ទឹកដី និងការពារទ្រព្យសម្បត្តិស្របច្បាប់របស់ពួកគាត់។»

សូមបញ្ជាក់ថា កងកម្លាំងកម្ពុជា បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលក្ខខណ្ឌបទឈប់បាញ់ ដូចដែលបានឯកភាពគ្នា នៅក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ដ្រីប្រទេសកម្ពុជា និងថៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្ដិវិធី ព្រមទាំងជៀសវាងការបង្កើតភាពតានតឹង និងការប៉ះទង្កិចគ្នាផ្នែកយោធាសាជាថ្មី៕