2025-08-05 16:26
21

ឧត្តមមានជ័យ៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ កងកម្លាំងយោធាថៃ ដែលបានរំលោភចូលអធិបតេយ្យភាពរបស់កម្ពុជា និងរំលោភលើបទឈប់បាញ់ កាលពីព្រឹកថ្ងៃអង្គារនេះ បានបន្តជីកលេណដ្ឋាននៅខាងក្រោយប៉ុស្តិ៍របស់កម្លាំងកម្ពុជាចំងាយប្រមាណ ១៥ម៉ែត្រ ប៉ុណ្ណោះ នៅតំបន់អានសេះ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះ ដែលកងទ័ពថៃ បានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា។ ដោយនៅវេលាម៉ោង ០៩និង០៩នាទី ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ គ្រឿងចក្រថៃបានបន្ដកាយដី ហើយនៅម៉ោង ០៩និង៥០នាទី មានរថយន្ដថៃ ០១ គ្រឿង ដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង ០៩និង៥៣ នាទី កម្លាំងកងទ័ពថៃ បានបន្ដជីកលេណដ្ឋាន។ 

អ្នកនាំពាក្យបានបន្ថែមទៀតថា នៅវេលាម៉ោង ១០និង៥៥នាទី គ្រឿងចក្រថៃ ០១ គ្រឿងទៀត បានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និង កង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។ 

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា៖ «ចាប់តាំងពីព្រឹកថ្ងៃទី០៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា»៕