2025-07-31 20:41
33

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានប្រាប់ទៅអន្តរជាតិ ជាពិសេសភាគីថៃថា៖ «កងកម្លាំងកម្ពុជា ចំនួន ២០ រូប ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់គឺក្រោយកិច្ចព្រមព្រៀងនៃការឈប់បាញ់គ្នា។ ម្យ៉ាងវិញទៀត, កាលពីឆ្នាំ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ កម្ពជាចាប់បានទាហ៊ានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់នោះ ត្រូវបានមើលថែទាំ ហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត»

សូមជម្រាបថា លោក កែវ រ៉េមី ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្រ្តៃយ៍ក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកការអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាផងដែរ។

នៅព្រលប់ថ្ងៃព្រហស្សតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសរសេរសារបង្ហោះលើបណ្តាញសង្គមផ្លូវការថា៖  «បើទោះជាឈ្លើយសឹក ក៏ត្រូវបានការពារដោយអនុសញ្ញាហ្សឺណែវ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមបញ្ចូលទាំង៖ សិទ្ធិរស់រានមានជីវិត, សិទ្ធិមិនត្រូវបានធ្វើទារុណកម្ម ហឹង្សា ការប្រមាថ ឬការរើសអើង, សិទ្ធិទទួលបានសុខភាពល្អ កន្លែងស្នាក់នៅ និងអាហារ, សិទ្ធិក្នុងការទំនាក់ទំនងជាមួយគ្រួសារ, សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់»

ប្រធានសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា៖ «ក៏ប៉ុន្តែកាន់តែខុសគ្នាទៅទៀត គឺកងកម្លាំងកម្ពុជា ចំនួន ២០រូប ដែលទាហ៊ានថៃចាប់ មិនមែនជាឈ្លើយសឹកនោះទេ ពីព្រោះការចាប់ពួកគាត់ គឺក្រោយកិច្ចព្រមព្រៀង នៃការឈប់បាញ់គ្នា»។ 

លោកបានបន្ថែមទៀតថា ម្យ៉ាងវិញទៀត, កាលពីឆ្នាំ២០០៨ សង្រ្គាមនៅប្រាសាទព្រះវិហារ យើងចាប់បានទាហ៊ានថៃ នៅពេលនោះជនឈ្លើយសឹកម្នាក់ ត្រូវបានយើងថែទាំ ហើយដោះលែងទៅវិញដោយគ្មានលក្ខខណ្ឌ បញ្ជូនឡើងយន្តហោះទៅទៀត។ ខ្ញុំជាសាក្សី ពីព្រោះខ្ញុំជាមនុស្សដែលអតីតឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជូនខ្ញុំឲ្យទៅសួរនាំយកចម្លើយ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសង្កត់ធ្ងន់ថា៖ «ដើម្បីបង្ហាញសុច្ឆន្ទ:រវាងទ័ពទាំងសងខាង យោធាថៃត្រូវដោះលែងឲ្យពួកគេត្រឡប់មកវិញ ដូចដែលកម្ពុជាបានដោះលែងឈ្លើយសឹកថៃកាលពីឆ្នាំ ២០០៨ ដែរ»