2025-07-28 16:12
33

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍រួម របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បាននិយាយថា៖ «ស្ថានភាពដែលកំពុងបន្តកើនកំដៅនៅតាមព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ពិតជាគួរការព្រួយបារម្ភយ៉ាងខ្លាំង។ ការប្រយុទ្ធគ្នាកាន់តែខ្លាំងបណ្តាលឱ្យមានការកើនឡើងនៃចំនួនអ្នកស្លាប់ ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការផ្លាស់ទីលំនៅរបស់ប្រជាជនមួយចំនួនធំ»។

សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសង្កត់ធ្ងន់ថា៖ «ភាពចាំបាច់សម្រាប់ភាគីទាំងពីរកម្ពុជា-ថៃ ត្រូវអនុវត្តការអត់ធ្មត់ជាអតិបរមា និងអនុវត្ត “បទឈប់បាញ់ជាបន្ទាន់” ហើយជៀសវាងពីការធ្វើសកម្មភាពណាមួយដែលអាចបំផ្លាញសន្តិភាព»។

រដ្ឋមន្ត្រីអាស៊ាន បានបន្ថែមថា៖ «យើងជំរុញបន្ថែមទៀត ឱ្យភាគីទាំងពីរបញ្ឈប់រាល់អរិភាពត្រឡប់ទៅតុចរចា ដើម្បីស្តារសន្តិភាព និងស្ថិរភាព និងដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងស្មារតីនៃគ្រួសារអាស៊ានឯកភាព និងភាពជាអ្នកជិតខាងល្អ»។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបន្ថែមថា «យើងនៅតែគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ក្នុងការសម្របសម្រួលភាគីទាំងពីរ កម្ពុជា-ថៃ ដើម្បីបន្តការសន្ទនា និងបញ្ចប់ការប្រយុទ្ធគ្នា»៕