
ភ្នំពេញ៖ គិតត្រឹមថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ «យុទ្ធនាការបោសសម្អាតឧក្រឹដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ» នៅទូទាំងប្រទេសសមត្ថកិច្ចរាជធានី ខេត្តទាំង២៥ បង្ក្រាបបានចំនួន ៤៥គោលដៅ ដោយឃាតខ្លួនជនបរទេសជាង ២ពាន់ រឹមអូសបានវត្ថុតាងជាច្រើន។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា «ONLINESCAMS» ទូទាំងប្រទេស បានឲ្យដឹងថា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្តយ៉ាងសកម្មភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
របាយការណ៍បង្ហាញទៀតថា គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ចំនួន ១២ រួមមាន៖ រាជធានីភ្នំពេញ, កណ្តាល, ព្រះសីហនុ, កំពង់ស្ពឺ, បន្ទាយមានជ័យ ក្រចេះ, ពោធិ៍សាត់, កំពត, កោះកុង, ឧត្ដរមានជ័យ, ស្ទឹងត្រែង, និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សរុបបាន ៤៥ ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែម ចំនួន ២៥ ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។
ក្នុងយុទ្ធនាការសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ សរុបចំនូន ២.២៧០នាក់ (ស្រី៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម, ឥណ្ឌូនេស៊ី, ចិន, កូរ៉, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ឡាវ, ឥណ្ឌា, នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។
សូមបញ្ជាក់ជូនថារយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញបានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសច្បាប់ «Online Scam» មានចំនួនដល់ទៅ ជិត ១០០ នាក់ផងដែរ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រលើតុ, កុំព្យូទ័រយួរដៃ, ទូរសព្ទ, ម្សៅអេស្ដាស៊ី(ថ្នាំញៀន), សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន, ជញ្ជីងថ្លឹង, ប្រអប់ដាក់គ្រឿងញៀន, ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន, អាវុធ, គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។
ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១ នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។
ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕


