2025-07-17 09:51
16

ថៃ៖ ទាហានថៃម្នាក់ បានដាច់ជើង និងពីរនាក់ទៀត រងរបួសធ្ងន់ដោយសារជាន់មីនក្បែរព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មុំបី ខណៈពេលដើរល្បាតក្បែរព្រំដែននៃប្រទេសកម្ពុជា។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយថៃ ចេញផ្សាយនៅយប់ថ្ងៃពុធនេះ។

ហេតុការណ៍ផ្ទុះមីនខាងលើ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់មុំបី។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ Thanapat Huiwan មកពីកម្លាំងពិសេសសុរិន្ទណារី ក្នុងចំណោមសមាជិក ចំនួន ១៤ នាក់ ដែលបំពេញបេសកកម្មជាប្រចាំ រីឯទាហានពីរនាក់ផ្សេងទៀត មានឈ្មោះ Patipat Silasak និង ឈ្មោះ Nattawut Srikhem ពួកគេបានឈឺទ្រូង និងហឹងត្រចៀក។

មេយោធាភូមិភាគ២ ថៃ លោក Boonsin Phadklang នៅយប់ថ្ងៃពុធទី១៦ ខែកក្កដា បាននិយាយថា៖ ឧប្បត្តិហេតុដែលទាហានថៃ បានដើរល្បាតជាន់មីននេះ បានកើតឡើងនៅត្រង់ចំណុច កូអរដោនេ WA 220 861 ក្នុងស្រុកណាំយឿន នៃខេត្ត Ubon Ratchathani ជាប់នឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា ដែលជាគ្រាប់មីនសល់ពីសម័យសង្គ្រាម៕