2025-07-14 13:06
16

កំពង់ឆ្នាំង៖     នៅថ្ងៃចន្ទ ទី១៣ ខែកក្កដានេះ ក្នុងពិធីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) នៅខេត្តកំពង់ឆ្នាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍ផ្កាយមាស៤ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាបវណ្ណៈចូលរួមជាមួយរដ្ឋាភិបាល ផ្សាភ្ជាប់ និងផ្តល់ការគាំទ្រដល់កម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជនកាន់តែរឹងមាំ។

នាឱកាសនេះដែរ សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត បានថ្លែងនូវការគោរពចំពោះវីរៈភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើង ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនប្រកដដោយការលះបង់ មុះមុត និងទទួលខុសត្រូវខ្ពស់បំផុត។ 

សម្តេចធិបតី បានបន្ថែមទៀតថា ជំហរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង រួមមាន៖ ទី១៖ កម្ពុជារក្សាជំហសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការណ៍ជាមួយប្រទេសជិតខាងទាំងអស់។ ទី២៖ កម្ពុជាបន្តសហការជាមួយភាគីថៃ ជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ អនុឡោមតាមកិច្ចព្រមព្រៀង និង MoU 2000 ដែលអនុវត្តដោយ JBC លើកលេងតែតំបន់ទាំង៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី កម្ពុជាបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ និង ទី៣៖ ជំហរបស់កម្ពុជា ដែលបានលើកយកបញ្ហាព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ព្រោះកម្ពុជាយល់ឃើញថា «ការព្យាយាមដោះស្រាយតាមយន្តការធ្វេភាគីក្នុងតំបន់ទាំងនេះ គឺមិនអាចទៅមុខរួចនោះទេ។ ផ្ទុយទៅវិញ មានតែជាប់គាំងក្នុងរយៈពេលវែង និងប្រឈមហានីភ័យការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមិនចេះចប់មិនចេះហើយនោះទេ»។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំលេចថា៖ «ក្នុងឆ្នាំ២០០៨-២០១១ មានប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃម្តងហើយ។ បច្ចុប្បន្ននេះ ក៏មានហានីភ័យខ្ពស់ក្នុងការប៉ះទង្គិចគ្នាម្តងទៀត ប្រសិនបើដំណោះស្រាយភាគីណាមួយមិនអាចទទួលយកបាន និងការបញ្ចប់វិវាទតំបន់នេះនៅតែមានភាពស្រពិចស្រពិល ការប្រឈមដាក់គ្នាមិនមែនតែកងទ័ព និងកងទ័ពទេ ប្រជាជនរស់នៅតំបន់ទាំង៤នេះក៏ជួបការលំបាករាប់ទសវត្សរ៍បន្តទៀត»។

នាយឧត្តមសេនីយ៍ផ្កាយមាស៤ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មានមិត្តបរទេសជាច្រើនបានសួរមកកម្ពុជា ថា តើកម្ពុជាបានដើរផុតឆ្ងាយពីការដោះស្រាយដោយធ្វេភាគី ហើយ ឬនៅ អំពីបញ្ហាវិវាទព្រំដែនជាមួយប្រទេសជិតខាង? សម្តេចធិបតី បានបញ្ជាក់ថា “កម្ពុជាមិនដែលដើរចោលយន្តការដោះស្រាយបញ្ហាព្រំដែនធ្វេភាគីដោយសន្តិវិធីនោះទេ នៅត្រង់ចំណុចដែលដោះស្រាយបាន។ ជាក់ស្តែង កម្ពុជាបន្តការដោះស្រាយធ្វេភាគីជាមួយថៃ ព្រំដែនប្រវែងជាង ៨០០ គីឡូម៉ែត្រ ស្របតាម  MoU 2000 ប៉ុន្តែលើកលែងតែតំបន់៤ គឺ តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីប៉ុណ្ណោះ យកទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ”។

សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «កម្ពុជា រក្សាសិទ្ធគ្រប់មធ្យោបាយទាំងអស់ ដើម្បីការពារខ្លួនពីការឈ្លានពានគ្រប់រូបភាពមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែរក្សាជំហក្នុងការដោះស្រាយបញ្ហាវិវាទព្រំដែនដោយសន្តិវិធីផ្នែកលើមូលដ្ឋានច្បាប់»៕