2025-07-14 10:58
13

ថៃ៖ ក្រុមប្រឹក្សាសង្ឃ (ស.ស.យ.ក) នឹងបង្កើតគណៈកម្មការពិសេសមួយ ដើម្បីកែសម្រួលបទបញ្ញត្តិព្រះសង្ឃ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទដ៏ល្បី ពាក់ព័ន្ធនឹងព្រះសង្ឃ ១១អង្គ និងស្រ្តីម្នាក់ ដែលគេស្គាល់ថា «បវរកញ្ញាកីឡាវាយកូនហ្គោល»។

យោងតាមការចេញផ្សាយដោយ Bangkok Post នៅថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំពិសេសមួយកាលពីថ្ងៃអាទិត្យ កន្លងទៅ សាស្ត្រាចារ្យ Chatchapol Chaiyaporn អគ្គលេខាធិការស្តីទីនៃ SSC បាននិយាយថា សម្តេចព្រះសង្ឃរាជថៃ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីផលប៉ះពាល់នៃករណីដែលបានកើតឡើងដូចខាងលើនេះទៅលើភាពជឿជាក់នៃសណ្តាប់ធ្នាប់ព្រះសង្ឃ។ 

លើសពីនេះ ក្រុមប្រឹក្សាក៏បានទទួលស្គាល់ថា ច្បាប់ព្រះសង្ឃដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៦២ របស់ថៃ លែងមានភាពសាកសមសម្រាប់ការដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះទៀតហើយ និងបានអំពាវនាវឱ្យមានកំណែទម្រង់ជាបន្ទាន់។

អគ្គលេខាធិការស្តីទីនៃ SSC បានបន្តថា “គណៈកម្មការពិសេសថ្មីមួយនឹងត្រូវបានបង្កើតឡើងដើម្បីការពារព្រះពុទ្ធសាសនា ពិនិត្យច្បាប់សង្ឃ និងច្បាប់ពាក់ព័ន្ធដទៃទៀត រួមទាំងពង្រឹងទំនាក់ទំនងសាធារណៈ។ សំណើនេះនឹងត្រូវដាក់ជូនសម្តេចព្រះសង្ឃរាជដើម្បីអនុម័ត។”

អង្គប្រជុំក៏បានឯកភាពថា ព្រះសង្ឃជាន់ខ្ពស់ត្រូវត្រួតពិនិត្យអ្នកដទៃក្រោមអំណាចរបស់ ខ្លួន។  

ប្រសិនបើ មានការបំពានច្បាប់ព្រះសង្ឃនោះ ថ្នាក់លើពាក់ព័ន្ធត្រូវផ្អាកព្រះសង្ឃ ជាបន្ទាន់ ហើបញ្ជូនភស្តុតាងទៅអាជ្ញាធរសង្ឃដើម្បីចាត់ការបន្ត ។ 

អគ្គលេខាធិការស្តីទីខាងលើ ក៏បានបន្ថែមថា លោក បានកត់សម្គាល់ថា ការប្រព្រឹត្តខុស របស់ព្រះសង្ឃ ក៏អាចជាបទល្មើសព្រហ្មទណ្ឌផងដែរ ព្រោះព្រះសង្ឃត្រូវបានគេចាត់ទុក ថាជាមន្ត្រីសាធារណៈក្រោមច្បាប់ថៃ។

យ៉ាងណាវិញ ក្រុមប្រឹក្សាក៏បានអំពាវនាវឱ្យការិយាល័យជាតិព្រះពុទ្ធសាសនា (NOB) ពង្រឹងនីតិវិធីរបស់ខ្លួន និងស្នើសុំការគាំទ្រពីរដ្ឋាភិបាលក្នុងការរៀបចំរចនាសម្ព័ន្ធទីភ្នាក់ងារឡើងវិញ ដើម្បីការពារសាសនាឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ឲ្យដឹងថា ច្បាប់សង្ឃនៅប្រទេសថៃ ត្រូវបានធ្វើវិសោធនកម្មចំនួនបីដងរួចមកហើយ គឺក្នុងឆ្នាំ ១៩៩២, ២០១៧, និង ២០១៨ ៕