2025-07-03 16:17
12

ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ថា៖ «កម្ពុជា មិនមែនជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។  ហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះ ដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោ គឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់»។

នារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថៃ របស់ លោក ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ រួចមក ប្រមុខការពារជាកម្ពុជា បានបញ្ជាក់ជូនថា៖ «លោកមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ»។ 

ក្នុងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា៖ «ក្រសួងការពារជាតិគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ»។

ប្រមុខការពារជាតិថៃ បានបញ្ជាក់សារជាថ្មីម្ដងទៀតថា៖ «មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះ គឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់»៕