2025-06-24 15:32
11

រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រាជរដ្ឋាភិបាលថៃចាប់តាំងពីថ្នាក់រដ្ឋមន្ត្រី រហូតដល់នាយករដ្ឋមន្រ្តីបាននិយាយលាបពណ៌ មួលបង្កាច់ និងទម្លាក់កំហុសមកលើប្រទេសកម្ពុជាយ៉ាងច្រើន។ ជាពិសេស ភាគីថៃតែងតែធ្វើការបង្វែររឿងអាក្រក់ៗរបស់ខ្លួនទម្លាក់មកលើកម្ពុជា ក្នុងចេតនាអាក្រក់ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ រួមទាំងប្រជាពលរដ្ឋខ្មែរ។

ដូចនេះ នាថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបយ៉ាងម៉ឹងម៉ាត់ចំពោះការចោទប្រកាន់ បំផ្លើសបំភ្លៃ របស់ថៃមកលើកម្ពុជាដើម្បីការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល រួមនឹងប្រជាជនកម្ពុជា ដូចជា៖

នាថ្ងៃទី២៣ មិថុនា ម្សិលមិញនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានចេញមកប្រកាសក្ដែងៗជាសាជារណៈ ចោទប្រកាន់ លាបពណ៌ប្រទេសកម្ពុជាពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មតាមបណ្ដាញអ៊ីធឺណេត ដោយចាត់ទុកកម្ពុជាថាជាមជ្ឈមណ្ឌលធំនៃឧក្រិដ្ឋកម្មធំមួយនៃពិភពលោក។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានតបទៅវិញថា នេះការចោទប្រកាន់និងលាបពណ៌មកលើកម្ពុជា ទាំងដែលប្រទេសរបស់ថៃកំពុងតែមានរឿងអាស្រូវដ៏ក្ដៅគគុក មិននិយាយបែរជាមកបង្វែរមកកម្ពុជាវិញ។ លោក ប៉ែន បូណា បន្ថែមទៅកាន់ភាគីថៃបន្តថា “ផ្ទះរបស់ខ្លួនឯងសុទ្ធតែសម្រាម ប៉ុន្តែមកចង្អុរឲ្យគេបោសផ្ទះគេ...ដូច្នេះវាជារឿងដែលគួរឲ្យខ្មាស់អៀនណាស់ដែលខ្លួនខំនិយាយបង្វែរ បន្លប់ភាពអាម៉ាស់របស់ខ្លួន ទម្លាក់កំហុសប្រទេសកម្ពុជាដោយគ្មានការទទួលខុសត្រូវ។” អ្វីដែលគួរឲ្យអស់សំណើចថែមទៀត នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានលើកឡើងថា ថៃមានបំណងកាត់ផ្ដាច់អ៊ីនធឺណេត និងអគ្គិសនីមកកម្ពុជាដើម្បីមានបំណងកាត់ផ្ដាច់ឧក្រិដ្ឋជនតាមអនឡាញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបន្ថែមថា “វាជារឿងគួរឲ្យអស់សំណើចណាស់ នៅត្រង់ថា ខ្ញុំមិនដឹងថាលោកជំទាវនាយករដ្ឋមន្រ្តីក្ដាប់រឿងមិនបាន ឬមួយក៏ភ្លេចដោយសារតែលោកជំទាវទទួលសម្ពាធនយោបាយផ្ទៃក្នុងខ្លាំងពេកតាំងពីទាមទារឲ្យចុះចេញពីតំណែង...។”  ជាការឆ្លើយតប កម្ពុជាបានប្រកាស រួចហើយ ក្នុងការកាត់ផ្ដាច់ទាំងអ៊ីនធឺណេត និងអគ្គិសនី ដោយលែងប្រើពីប្រទេសថៃហើយ ដែលកម្ពុជាជាអ្នកប្រកាសផ្ដាច់ដោយខ្លួនឯង។

ជាក់ស្ដែងបើរំឭកវិលទៅរករឿងព្រដែនដែលកំពុងតែតានតឹង ដោយទាហានថៃលបចូលបាញ់ទាហានខ្មែរម្នាក់ឲ្យស្លាប់នៅក្នុងលេណដ្ឋាន នៅពេលដែលកម្ពុជាកំណត់ទូតតវ៉ាខ្លាំងទាមទារឲ្យមានការស៊ើបអង្កេត នាំយកជនដៃដល់មកដាក់ទោសតាមច្បាប់ថៃមិនអើពើ តែបែរទៅជាបង្កើតស្ថានការណ៍បិទព្រំដែនជាឯតោភាគី។ ប៉ុន្តែនៅពេលដែលកម្ពុជាចាត់វិធានការតបវិញ និងមានការបិទខ្ទប់លែងឲ្យមានការនាំចូលបន្លែ និងផ្លែឈើពីថៃរួមទាំងការឈប់នាំប្រេង ឥន្ធនៈ និងឧស្ម័នមកកម្ពុជា ខាតខ្លួនឯង លង់ខ្លួនមិនដឹងធ្វើបែបណាចង់បកក្រោយ តែបែរជាថៃទាញកម្ពុជាឲ្យចូលរួមដោះស្រាយដោយសូមចរចារទៅវិញ ហើយនៅពេលដែលកម្ពុជាមិនព្រម ថៃបែរជាបង្កើតស្ថានការណ៍បំភ្លៃផ្សេងៗមកលើកម្ពុជា ដោយចោទថា កម្ពុជាបានដាក់ពង្រាយទាហាន ឈ្លានពានចូលទៅក្នុងទឹកដីរបស់ខ្លួនទៅវិញ ប៉ុន្តែនៅពេលកម្ពុជាបបួលទៅតុលាការអន្តរជាតិបែរជាមិនហ៊ាន។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បន្ថែមថា ចរិតខូចរបស់រដ្ឋាភិបាលហើយនិងកងទ័ពថៃ បានស្ដែងឡើងយ៉ាងច្បាស់ ដោយមានរឿងជម្លោះផ្ទៃក្នុងខ្លួនឯងបែរជារុញកម្ពុជាចូលរួមដែរ ដែលទាញកម្ពុជាចូលពាក់ព័ន្ធ ពិសេសគឺរឿងព្រំដែននេះតែម្ដង។ បន្ទាប់មក ចរិតរបស់មន្រ្តីថៃ និងយោធាគឺជាចរិតកូនក្មេង ចរិតបង្ករឿង ដែលលើកយកពាក្យបណ្ដឹងរវាងការបែកធ្លាយសារសំឡេងនៃកិច្ចសន្ទនារវាងសម្ដេច តេជោ និងនាយករដ្ឋមន្រ្តីថៃមកប្ដឹង ប៉ុន្តែនៅពេលសួរថាប្ដឹងដើម្បីអ្វី? បែរជាលើកឡើងថាប្ដឹងដើម្បីការពារនាយករដ្ឋមន្ត្រី។ ហើយចំពោះករណីនេះដែរ ក្រសួងបរទេសក៏បានដាក់ការតវ៉ារួចហើយ។ 

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខាងលើ បានបន្តថា ក្នុងសករាជសម្ដេច តេជោ ធិបតី មិនស្ថិតនៅក្រោមគំនាបរបស់បរទេសណាទេ រស់នៅដោយរឹងពឹង ដោយខ្លួនឯងបាន ដូច្នេះហើយថៃ សូមកុំយល់ច្រលំឲ្យសោះ៕