2025-06-21 10:47
8

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ «ការកសាងប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺជាការបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ជាតិខ្មែរ»។ នេះបើតាមការបញ្ជាក់របស់ក្រសួង នាព្រឹកថ្ងៃទី២១ ខែមិថុន ឆ្នាំ២០២៥នេះ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅខេត្តសៀមរាប នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០ របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ស្ដីពី «កិច្ចការពារ និងអភិរក្សបេតិកភណ្ឌ» ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិនឹងពិនិត្យ ពិភាក្សាតាមដានលើកិច្ចការពារ សង្គ្រោះ និងអភិរក្សប្រាសាទបុរាណជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ និងសំបូរព្រៃគុក៕