
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3) នៅថ្ងៃទី០៨-១៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីស ប្រទេសបារាំង។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានរំឭកអំពីវត្តមានរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័រ ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៩។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាមួយចំនួន ជាពិសេសនៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ បន្ថែមលើនេះ, សម្ដេចបវរធិបតីក៏បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័របំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ និងពិនិត្យលទ្ធភាព ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខាងមុខនេះ នៅខេត្តសៀមរាប ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូតឌីវ័របានកោតសរសើរភាពជាអ្នកដឹកនាំប្រកបដោយសមត្ថភាពរបស់សម្ដេចបវរធិបតី ដែលបន្តរក្សាបាននូវសន្ដិភាព, ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ, ឯកឧត្តមនាយករដ្ឋមន្ត្រីសង្ឃឹមថា នឹងមានឱកាសបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលនឹងជាកាលានុវត្តភាពនៃការបន្តកិច្ចពិភាក្សាទ្វេភាគី សំដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
នាយករដ្ឋមន្ត្រីទាំងពីរ បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នានៅលើកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន, ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម។ ឯកឧត្តមនាយករដ្ឋមន្ត្រីកូតឌីវ័រ បានសន្យាថា នឹងចាត់រដ្ឋមន្ត្រីឧស្សាហកម្ម ទៅធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីពិនិត្យ និងសិក្សាលទ្ធភាពពង្រីកការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍមូលដ្ឋានផលិតកម្មជាមួយប្រទេសកម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពក្នុងការបន្តពិនិត្យលទ្ធភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីជាផ្លែផ្កា និង ឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រទេសទាំងពីរ៕


