
កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អរគុណដល់សាកលវិទ្យាល័យន័រតុន ដែលបានចូលរួមយុទ្ធនាការទស្សនាកម្ពុជា នៅរដូវកាលបៃតង! We Love Green Season! ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយឯកឧត្តម លោក លោកស្រី តំណាងគណៈគ្រប់គ្រងសាកលវិទ្យាល័យ បុគ្គលិកសិក្សា និងប្អូនៗនិស្សិតចំនួន ៣៧៥ អង្គ/នាក់ ដែលជានិស្សិតជំនាន់ទី៤ ឆ្នាំទី២ ផ្នែកវិស្វកម្មសំណង់ មុននឹងដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តតំបន់ឆ្នេរ។ សូមបញ្ជាក់ជូនថា ក្រោមកិច្ចសហការសម្របសម្រួលពីក្រសួងទេសចរណ៍ យុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង មានគោលបំណងជំរុញចលនាទេសចរណ៍របស់និស្សិតក្នុងរដូវកាលបៃតង (Green Season) ទៅកាន់តំបន់គោលដៅទេសចរណ៍នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការចូលរួមយុទ្ធនាការនេះ ដំណើរទស្សនកិច្ចខាងលើ ក៏បានជួយលើកកម្ពស់ការអប់រំ តាមរយៈការពង្រឹងចំណេះដឹងរបស់និស្សិតក្នុងមុខជំនាញរបស់ខ្លួន និងការងារសង្គម ព្រមទាំងការបំផុសគំនិតយុវជនឱ្យស្រឡាញ់ និងយល់ដឹងពីភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមិថុនា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ (រយៈពេល ២យប់ ៣ថ្ងៃ) ដែលឆ្លងកាត់ខេត្តចំនួន ៣គឺ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ៕
