2025-06-06 15:10
14

ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការពារជាតិកម្ពុជា បានប្រកាសថា៖ «ក្នុងជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ភាគីទាំងពីរបានឯកភាពគ្នាកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណងចៀសវាងការប៉ះទង្គិចយោធា»។

ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តិទៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។

ជាលទ្ធផលនៃកិច្ចប្រជុំនោះ ភាគីកម្ពុជា-ថៃ បានឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជា ដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភា កន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃរយ៍តាំងពីដើមរៀងមក។ 

ក្រសួងការពារជាតិបានបញ្ជាក់ថា៖ «ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំណុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក»។ 

តាមក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងទៀតថា ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្តរៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតំកល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ 

ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំនុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ។

ក្នុងកិច្ចប្រជុំនៅ ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំ JBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ។

បើតាមការចេញផ្សាយរបស់កាសែតថៃ បានដកស្រង់សម្តី លោក ភូមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) នាថ្ងៃសុក្រ ទី០៦ ខែមិថុនានេះថា៖ «បន្ទាប់ពីមានជំនួបជាមួយប្រមុខការពារជាតិកម្ពុជា ឧបនាយករដ្ឋមន្ត្រី ទៀ សីហា គឺកិច្ចសន្ទនាត្រូវបានធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង»។

លោក Phumtham Wechayachai បានប្រាប់កាសែតទៀតថា៖ «ក្របខ័ណ្ឌនៃការចរចារបស់យើងបានផ្តោតលើរបៀបដែលប្រទេសទំាងពីរអាចបន្ថយភាពតានតឹងនៃស្ថានការណ៍នាពេលនេះ។ រដ្ឋាភិបាលថៃ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនចង់មានសង្គ្រាមទេ។ យើងមិនបារម្ភពីជម្លោះប្រដាប់អាវុធដែលអាចកើតឡើងនោះទេ ប៉ុន្តែយើងមិនចង់ឱ្យមានការខាតបង់កើតឡើង»។

ដោយលោកបញ្ជាក់ថា៖ «ភាគីថៃ ស្នើកងទ័ពកម្ពុជាដកថយពីតំបន់មានជម្លោះចំងាយប្រមាណ ១៥០ទៅ២០០ម៉ែត្រ ទៅកាន់ទីតាំងដែលបានព្រមព្រៀងគ្នាក្នុងឆ្នាំ២០២៤។ ចំពោះភាគីកម្ពុជាវិញ ក៏បានបង្ហាញពីបំណង និងគោលជំហមិនចង់ឱ្យមានសង្រ្គាម និងការពារកុំឲ្យបញ្ហានេះរីករាលដាលវែងឆ្ងាយជាងនេះដែរ»៕