
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចំនួន ០៤រូប និងតំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសស្វីស ចូលរួមពិធីបើកសន្និសីទលើកទី៨ នៃវេទិកាពិភពលោក ស្តីពី «ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ» ដែលប្រព្រឹត្តទៅនាថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សន្និសីទលើកទី៨ នៃវេទិកាពិភពលោកស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ត្រូវបានរៀបចំដោយលេខាធិការដ្ឋានអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងរដ្ឋាភិបាលស្វីស ដោយមានការចូលរួមពី ឯកឧត្តម Ignazio Cassis រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធស្វីស, លោក Kamal Kishore តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, លោកជំទាវ Patricia Danzi អគ្គនាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ, អ្នកស្រី Amina J. Mohammed អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការបង្កើនសមត្ថភាពធន់នឹងគ្រោះមហន្តរាយ ក្រោមប្រធានបទ “សកម្មភាពរៀងរាល់ថ្ងៃសម្រាប់ធ្វើឱ្យមានសមត្ថភាពធន់នឹងគ្រោះមហន្តរាយថ្ងៃនេះ” ។
ពិធីបើកសន្និសីទនាពេលនេះផ្តោតលើចំណុចសំខាន់ៗ មួយចំនួនដូចជា ការពង្រឹងយុទ្ធសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទូទាំងពិភពលោកលើការកែលម្អប្រព័ន្ធព្រមានមុនកើតហានិភ័យ ដើម្បីធានាលើការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ។ ក្រៅនេះក៏បានផ្តោតលើបរិយាប័ន្ន និងសមភាព ដោយរំលឹកពីសារៈសំខាន់នៃវិធីសាស្ត្រកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលរួមបញ្ចូលគ្នាតាំងពីការគាំទ្រសមភាពយេនឌ័រ និងធានាថាមិនមាននរណាត្រូវបានបោះបង់ចោល។
ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ វាគ្មិនបានលើកឡើងពីសារៈសំខាន់នៃការសហការអន្តរជាតិ ជាមួយដៃគូដើម្បីដោះស្រាយភាពស្មុគស្មាញ និងការកើនឡើងនៃគ្រោះមហន្តរាយដែលកើតឡើងពីការប្រែប្រួលអាកាសធាតុ និងបញ្ហាសកលផ្សេងៗទៀត៕



