
ភ្នំពេញ៖ «ខឿនការពារជាតិនៃប្រជាជន» ដែលមានយុវជន និងប្រជាជនគ្រប់ទិសទី មានជំនឿទុកចិត្តយ៉ាងរឹងមាំ ឈរនៅជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសូមលើកទឹកចិត្តដល់វីរៈកងទ័ព ទាហានកម្ពុជាទាំងអស់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីជាតិ និងប្រជាជនកម្ពុជា។ នេះជាការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលថ្មីៗជូនអ្នកខេត្តកំពង់ស្ពឺ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា៖ «ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជនវ័យក្មេងតាមដានយ៉ាងយកចិត្តទុកដាក់ផ្តល់នូវកម្លាំងចិត្ត និងជំនឿទុកចិត្តជូនដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស តាមរយៈការបញ្ចេញសារផ្តល់ការលើកទឹកចិត្តចាប់ពីពេលនេះរហូតដល់ពេលខាងមុខ»។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «យើងត្រូវចូលរួមដោយបុរេសកម្ម និងជាប្រចាំ ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាល ព្រមទាំងកងកម្លាំងរបស់យើង ដូចអ្វីដែលសម្តេចតេជោសែន បានហៅថា “ខឿនការពារជាតិរឹកមាំនៃប្រជាជនរបស់យើង” គ្រប់វិបត្តិក្នុងករណីមានការកើតជាយថាហេតុ ក្នុងនាមជាប្រជាតិខ្មែរត្រូវតែររួបរួមគ្នា និងឆ្លងកាត់វាទាំងអស់គ្នា»។
សូមជម្រាបថា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោកបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកបឋមសិក្សា សាលាទទួលភ្ញៀវ ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តចំប៉ាចារ៍ ស្ថិតនៅក្នុងភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមទ្ធិផលដែលសម្ពោធឆ្លងដាក់ឱ្យដំណើរការប្រើប្រាស់ជាផ្លូវការនៅវត្តចំប៉ាចារ៍ នាពេលនេះ រួមមាន៖ សាលាពុទ្ធិកបឋមសិក្សា (សាលាបាលី) ទទឹង ៨ម៉ែត្រ បណ្តោយ ១៦ម៉ែត្រ កម្ពស់ ០២ជាន់, ព្រះពុទ្ធបដិមាឱ្យអភ័យសត្វ ០១ព្រះអង្គ, សាលាទទួលភ្ញៀវ ១ខ្នង, ខ្លោងទ្វារ២, របងវត្តប្រវែង ៤០៦ម៉ែត្រ ស្មើនឹង ១៥ប្រឡោះ, ផ្លូវបេតុងចំនួន ២ខ្សែ, ស្ពានបេតុ១ និងសមិទ្ធផលនានា៕




