
ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាន មានឈ្មោះ ឈាង ឆៃ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ និងឈ្មោះ ស្ទាំង រាជសី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។
នគរបាលបានឱ្យដឹងថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០០និង២០នាទីរំលងអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកដល់ត្រង់ចំណុចមុខផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ ចំនួន ០១គ្រឿង បានធ្វើសកម្មភាពឆក់ទូរសព្ទពីស្រី្តរងគ្រោះកំពុងជិះម៉ូតូបានសម្រេច។
ភ្លាមៗនោះ កម្លាំងជំនាញ ក៏បានធ្វើការប្រដេញមកដល់ត្រង់ចំណុចមុខសាលាវត្តកោះ ផ្លូវមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទើបឃាត់ខ្លួនបានុំ សម្ភារៈដកហូតមាន៖ ទូរសព្ទម៉ាក tecno spark ពណ៌ខ្មៅ (របស់ជនរងគ្រោះ) និងម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដា សង់សេ១២៥ ពណ៌ទឹកប្រាក់ មិនស្គាល់ឆ្នាំផលិត គ្មានស្លាកលេខ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕