
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី ស្នើទៅកាន់នាយករដ្ឋមន្រ្ដីឱ្យកំណត់នូវកូតានៃអភិបាលរង ក្រុង ស្រុក ខណ្ឌ ក៏ដូចជាអភិបាលរង រាជធានី-ខេត្ត ដោយកំណត់នូវកូតាចំនួនយ៉ាងតិចបំផុតពីររូបសម្រាប់ស្រ្ដី ខណៈកាលពីមុនកូតាជាអភិបាលរងនេះ មានត្រឹមតែមួយរូបប៉ុណ្ណោះ។
អ្នកនាំពាក្យបានថ្លែងថា ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ប្រជុំពិភាក្សា ដើម្បីស្នើសុំយោបល់បន្ថែមពីនាយករដ្ឋមន្រ្ដី ជាពិសេស គឺរដ្ឋមន្រ្ដីមុខងារសាធារណៈ ចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការ ដោយសម្ដេចបានផ្ដល់អនុសាសន៍ថា «គួរតែមានការកំណត់កូតាផ្ដល់អាទិភាពដល់ការជ្រើសរើសស្រ្ដីក្នុងចំណោម ១០០ ភាគរយ គួរតែផ្ដល់កូតាដល់ស្រ្ដីយ៉ាងតិចបំផុត ៥០ ភាគរយ ក្នុងគោលដៅ ដើម្បីឱ្យស្រ្ដីបានចូលរួមចំណែកក្នុងការងាររាជរដ្ឋាភិបាលឱ្យបានកាន់តែច្រើន»។
សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យពង្រឹងពង្រីងនូវអនុត្តរភាពរបស់ស្រ្ដី ពោលគឺការធ្វើឱ្យស្រ្ដីមានភាពខ្លាំង មានអំណាចនៅគ្រប់វិស័យ។ ប៉ុន្ដែសម្ដេចតេជោបានសង្កត់ធ្ងន់ដោយឱ្យចាប់ផ្ដើមពីការធ្វើអនុត្តរភាពស្រ្ដីនៅក្នុងវិស័យសេដ្ឋកិច្ច មានន័យថាឱ្យស្រ្ដីកាន់តែខ្លាំងឡើងនៅក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដូចជាការក្ដោបសេដ្ឋកិច្ចនៅក្នុងគ្រួសាររបស់គាត់ ដើម្បីឈានទៅដល់ការលើកកម្ពស់ និងធ្វើឱ្យស្រ្ដីកាន់តែមានឥទ្ធិពលបន្ថែមទៀត។
តាមការវាយតម្លៃរបស់សម្ដេចតេជោ ហ៊ុន សែន យ៉ាងយូរបំផុត ២០-៣០ឆ្នាំទៀត ឥទ្ធិពល និងអនុត្តរភាពរបស់ស្រ្ដី នៅក្នុងប្រទេសកម្ពុជារបស់យើងនឹងកាន់តែខ្លាំងឡើងចំពោះការចូលរួមចំណែករបស់ស្រ្ដីនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និងគ្រួសារ គឺមិនតិចជាងបុរសនោះទេ៕


