
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាមេគ្រួសារបានសម្រេចយកដីទំហំ ២ហិកតា របស់កូនស្រីរបស់សម្តេចបានទិញក្នុងតម្លៃជាង ២លានដុល្លារ ទុកសម្រាប់សាងសង់ស្ថានីទូរទស្សន៍បាយ័ន ប្រគល់ជូនក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់ឱ្យនិស្សិតជាស្ត្រីធ្វើដំណើរមកពីតាមបណ្តាខេត្តក្រីក្រីស្នាក់នៅ និងសិក្សារបន្តនៅរាជធានីភ្នំពេញ។
ការសម្រេចិត្តយ៉ាងដូច្នេះរបស់សម្តេចតេជោ បានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី ក្នុងនាមសម្តេចជាមេគ្រួសារធំ ក្រៅពីផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួននោះ កាលពីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក៏បានសម្រេចឱ្យមានការសាងសង់អន្តេវាសិកដ្ឋានឡើងតែម្តង។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរបញ្ជាក់ថា៖ «ព្រឹកមិញ ខ្ញុំបានដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ ក្រៅពីការផ្តល់ជាអនុសាសន៍ ខ្ញុំបានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ»។
សម្តេចតេជោ បានបញ្ជាក់ថា៖ «បន្ទាប់ពីការពិភាក្សាជាមួយភរិយា និងកូនស្រី សម្តេចបានសម្រេចយកដី ទំហំ ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ សម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន និងការសាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ ស្នាក់នៅ ០៤នាក់ (ដោយមានបន្ទប់ទឹក និងចង្រ្កានបាយផងដែរ) ដូចនេះយើងត្រូវកសាង ចំនួន ១២០បន្ទប់»។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា៖ «យើងត្រូវកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។ ក្រោយការសាងសង់នឹងប្រគល់ជូនជាសម្បត្តិរដ្ឋគ្រប់គ្រងដោយក្រសួងកិច្ចការនារី»។
សម្តេចតេជោ ហ៊ុន សែន មានសង្ឃឹមថាអន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕


