
ភ្នំពេញ៖ ជាការឆ្លើយតមជាមួយរាជរដ្ឋាភិបាលកម្ពុជា គ្រោងប្តឹងទៅកាន់តុលាការអន្តរជាតិ ទីក្រុងឡាអេ (ICJ) រដ្ឋាភិបាលថៃ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយ ភាគីកម្ពុជា លើយន្តការដែលមានស្រាប់ដូចជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (GBC)។
តាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ បានឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជា ជុំវិញការប៉ះទង្គិចប្រដាប់អាវុធ ក្នុងតំបន់មុំបី រវាងកងទ័ព ដែលផ្តើមមុនឡើងភាគីថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ តាមភាគីថៃ បានខ្លួនត្រៀមជាស្រេចក្នុងការចរចាជាមួយកម្ពុជា លើយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (GBC)។
តាមការប្រកាសរបស់ភាគីថៃ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលថៃ គឺបានប្តេជ្ញាដោះស្រាយជម្លោះលក្ខណៈទ្វេភាគី ជាជាងយន្តការទៅតុលាការអន្តរជាតិ ទីក្រុងឡាអេ (ICJ) ឬភាគីទីបីចូលរួមសម្របសម្រួលលើបញ្ហានេះ»។
ចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ជុំវិញជុំហររបស់កម្ពុជា ដែលចង់ប្រើយន្តការតុលការអន្តរជាតិ ឬភាគីទីបី ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនថៃ ដែលជាប្រទេសជិតខាងគ្នា ប្តេជ្ញាដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិភាព ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ, សន្ធិសញ្ញា, កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងភស្តុតាងផ្សេងៗ រួមទាំងរូបភាពពីផ្កាយរណបផងដែរ។
បន្ទាប់ពីបំពេញទស្សនកិច្ចនៅជប៉ុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា បានបញ្ជាឲ្យគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា ត្រៀមដាក់ចូលក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំ (JBC) ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ យន្តការដោះស្រាយជម្លោះព្រំដែននៅតុលាការអន្តរជាតិបែបនេះ ត្រូវបានថ្នាក់ដឹកនាំកម្ពុជា និងប្រជាជនគាំទ្រយ៉ាងខ្លាំង។
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ បានអះអាងថា ហេតុការណ៍នៃការប៉ះទង្គិចគ្នានៅតំបន់មុំបី គឺផ្តើមឡើងដោយកងទ័ពថៃ បានឆ្មក់ចូលធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយ ដែលបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការដែលភាគីទាំងពីរមានស្រាប់ ហើយរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព។
សូមជម្រាបថា ស្របពេលជាមួយគ្នានឹងជំហររបស់រដ្ឋាភិបាលថៃ ប្តេជ្ញាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដោយទ្វាភាគីតាមយន្តការដែលមានស្រាប់ដូចជាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះ (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (GBC) សង្កេតឃើញថា សកម្មភាពរបស់កងទ័ពថៃ បានធ្វើសកម្មភាពនានាបង្កឱ្យមានភាពតានតឹងនៅតាមបន្ទាប់ព្រំដែនកាន់តែខ្លាំង កងទ័ពខាំធ្មេញដាក់គ្នា ស្ទើរតែប៉ះទង្គិចគ្នាសារជាថ្មីផងដែរ៕





