2025-06-04 13:11
25

ភ្នំពេញ៖ នៅចំពោះមុខកិច្ចប្រជុំសមាជជាប្រវត្តិសាស្ត្រលើទី១ រវាង «រដ្ឋសភា-ព្រឹទ្ធសភា» សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកបញ្ហាផលិតផលកសិកម្ម និងចំណីអាហារមានជាតិគីមីជារឿងធំ ហើយប្តេជ្ញាពិនិត្យកែសម្រួលក្រុមការងារឆាប់ៗនេះ ព្រោះបញ្ហានេះជារៀងធំណាស់វាធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋអ្នកបរិភោគ។

ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និង ព្រឹទ្ធសភា លើកទី១ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី នទទួលស្គាល់ពីបញ្ហាប្រឈមដែលអាចនាំមកដោយសារការងារស្មុកស្មាញរបស់រដ្ឋ និងនាំដល់ភាពលំបាកដល់វិស័យឯកជន ហើយទាមទារប្រជុំដោះស្រាយក្នុងពេលខាងមុខ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «បញ្ហាខាងលើនេះ សម្តេចបានប្រគល់ភារកិច្ចឱ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ដើម្បីពិនិត្យ និងកោះប្រជុំបន្ទាន់លើរឿងនេះ មិនមែនរឿងធម្មតាទេ គឺត្រូវតែដោះស្រាយបន្ទាប់ ព្រោះប៉ះពាល់ធំធេងណាស់»។

ប្រមុខរដ្ឋាភិបាលបានលើកឡើងទៀតថា៖ ក្រុមការងារត្រួតពិនិត្យចំណីអាហារមានច្រើន ទំនិញចូលមកតាមច្រកទ្វាព្រំដែនមានមន្ត្រីគយ និងរដ្ឋាករ ក្នុងទីផ្សារមានមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម នៅតាមហាង ភោជនីយដ្ឋានមានក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ តើស្ថាប័នទាំងអស់នេះអ្វីខ្លះ អ្នកណាទទួលអ្វី គឺដូចពាក្យចាស់ពោលថា “គ្នាច្រើនអន្សមខ្លោច ឬក៏បាយឆៅ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «បញ្ហាចំណីមានជាតិគីមីនេះ វារឿងធំណាស់មនុស្សគ្រប់គ្នា គឺបរោភោគជាប្រចាំថ្ងៃ […] សម្តេចថាបញ្ហានេះវាគ្រោះថ្នាក់ជាងគ្រឿងញៀនទៅទៀត ព្រោះគ្រឿងញៀនប៉ះពាល់តែអ្នកប្រើប្រាស់ផ្ទាល់ និងបញ្ហាសន្តិសុខមួយចំនួន ប៉ុន្តែផលិតកសិកម្ម និងចំណីអាហារនេះ គឺប៉ះពាល់គ្រប់គ្នាទោះបីជាមានអង្គរក្ស អ្នកការពាររាប់រយ រាប់ពាន់នាក់ តែមិនអាចការអ្វីដែលយើងបរិភោគមានសារធាតុគីមីបាននោះទេ»៕