2025-05-13 14:30
12

(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌច្បារអំពៅ បានសហការគ្នាបង្ក្រាបក្រុមក្មេងទំនើងពីរក្រុមរហ័សនាម «ក្រុម YSK» និង «ក្រុម Aline» ដោយចាប់ខ្លួនបានជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណិហិង្សា។

លោកឧត្តមសេនីយត្រី ប៊ុន សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុមនេះ ពាក់ព័ន្ធករណីហិង្សានៅចំណុចផ្លូវថៃហ្គ័រ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងនៅចំណុចផ្លូវ១០៤ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានម៉ូតូ៦គ្រឿង, ដាវ៣ដេីម, ប៉័ងតោ២ដេីម, កាំបិតផ្គាក់១ដេីម។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនទាំង១០នាក់ រួមមាន៖ ទី១៖ ឈ្មោះ នី គីនីន ហៅអានីន អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ ចាន់ ថារទ្ធី ហៅអារិទ្ធី អាយុ១៧ឆ្នាំ, ទី៣៖ ឈ្មោះ គង់ ឧត្តម ហៅអាដំ អាយុ១៧ឆ្នាំ, ទី៤៖ ឈ្មោះ ជឹម សំណាង ហៅអាណាង អាយុ១៧ឆ្នាំ, ទី៥៖ ឈ្មោះ ហ៊ង ម៉េងសាន ហៅអាសាន អាយុ១៧ឆ្នាំ, ទី៦៖ ឈ្មោះ កុសល វិសាល ហៅអាសាល អាយុ១៧ឆ្នាំ, ទី៧៖ ឈ្មោះ ហ៊ុន ថូបូរ៉ាយុទ្ធ ហៅអាយុទ្ធ អាយុ១៧ឆ្នាំ, ទី៨៖ ឈ្មោះ សេម មករា ហៅអាមករា អាយុ១៧ឆ្នាំ, ទី៩៖ ឈ្មោះ ថៃ សីហា ហៅអាសីហា អាយុ១៧ឆ្នាំ និងទី១០៖ ឈ្មោះ ភឿន សុភានី ហៅអាភី អាយុ១៧ឆ្នាំ។

បើតាមលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា, ចំពោះមុខសញ្ញាដែលនៅសេសសល់ និងរត់គេចខ្លួន ដែលពាក់ព័ន្ធក្នុងករណីហិង្សា ដោយចេតនាមានស្ថានទំនង់ទោស ក្មេងទំនេីង សមត្ថកិច្ចនឹងតាមបង្ក្រាបឲ្យដល់ឬសគល់ ដោយមិនយោគយល់នោះឡើយ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕